រដ្ឋាភិបាលជំរុញឲ្យបង្កើនផលិតផលស្វាយចន្ទីដើម្បីនាំចេញទៅវៀតណាម

102

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទឲ្យស្ថាប័នក្រោមឱវាទជំរុញបង្កើននូវផលិតកម្មស្វាយចន្ទី ដើម្បីនាំ​ចេញ​ទៅលក់​នៅ​ក្រៅ​ប្រទេស ឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំនេះ។

ក្រសួងកសិកម្មបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៥ ខែ មករាម្សិលមិញស្ដីពីការជំរុញនូវផលិត​កម្មស្វាយ​ចន្ទី​សម្រាប់បម្រើឲ្យការនាំចេញឲ្យសមស្របទៅនឹងកំណើនតម្រូវការទីផ្សារនៃផលិតផលដំណាំស្វាយចន្ទីនេះ។

ក្រសួងកសិកម្មបានឲ្យដឹងថាថ្មីៗនេះ សមាគមស្វាយចន្ទីវៀតណាមបានយល់ព្រម ផ្ដល់នូវពូជស្វាយចន្ទី គាំទ្រ​បច្ចេក​ទេស និង ប្រមូលទិញទិន្នផលស្វាយចន្ទីពីកសិករ ឬសហគមន័កសិកម្ម ដោយអនុវត្តតាមគោលការណ៍​ផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ក្រសួងកសិកម្មបានបន្តថា ដើម្បីបង្កើនផលិតកម្មដំណាំស្វាយចន្ទីឲ្យមានប្រសិទ្ធភាព ក្រសួងណែនាំឲ្យអង្គភាព​ជំនាញពាក់ព័ន្ធ ពិនិត្យសិក្សាលើសក្តានុពលជាយុទ្ធសាស្រ្ត និងកំណត់តំបន់ដាំដុះសម្រាប់កសិករ​ និងស​ហគមន៍​​កសិកម្ម ធ្វើការផលិត និង ភ្ជាប់ទីផ្សារតាមរយៈការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្ដីពីការ​ជំរុញ​ផលិត​កម្មស្វាយ​ចន្ទីកម្ពុជា​សម្រាប់នាំចេញ ជាមួយសមាគមស្វាយចន្ទីវៀតណាម។

ជាមួយគ្នានោះក្រសួងកសិកម្មក៏បានណែនាំឲ្យសម្របសម្រួល និង សហការឲ្យបានជិតស្និទ្ធជាមួយសមាគម​ស្វាយ​ចន្ទី​វៀតណាម ដើម្បីជ្រើសរើសក្រុមផលិត និង ផ្ដល់បច្ចេកទេសទំនើបក្នុងការដាំជំនួស​នូវប្រភេទពូជថ្មី​ដែល​ផ្ដល់​ទិន្នផលខ្ពស់។

បន្ថែមលើនោះក្រសួងកសិកម្មក៏ជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាកសិករ និង សហគម​ន៍​​កសិកម្ម ព្រមទាំងក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ឲ្យចូលរួមបង្កើនទិន្នផលស្វាយចន្ទី​ជាមួយសមាគម​ស្វាយ​ចន្ទីវៀត​ណាម ដើម្បីភ្ចាប់ទំនាក់ទំនងទីផ្សារនាំចេញឲ្យកាន់តែប្រសើរផងដែរ៕