ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅឆ្នាំ២០១៧មានសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០១៦

63

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា នៅឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺបានប្រសើរឡើងវិញបន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០១៦កន្លងទៅ។

បើតាមតួលេខចុងក្រោយនៃការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល១១ខែឆ្នាំ២០១៧ ការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅទីផ្សារអាមេរិកគឺបានកើនឡើងអត្រាដល់ទៅ៧.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។

តួលេខបានបង្ហាញថា រយៈពេល១១ខែឆ្នាំ២០១៧ ទំហំទឹកប្រាក់នៃការនាំចេញបានកើនឡើងដល់ទៅ២៨២៦លានដុល្លារ ខណរយៈដូចគ្នាកាលពីឆ្នាំ២០១៦សម្រេចបានទឹកប្រាក់ត្រឹមតែជាង២៦៣៣លានដុល្លារប៉ុណ្ណោះ។

កំណើននៃការនាំចេញនៅឆ្នាំ២០១៧ គឺជាការប្រសើរឡើងវិញនៃទំហំនៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្លាក់ចុះអត្រាដល់ទៅ៧%នៅឆ្នាំ២០១៦។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំទី២របស់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប៕