ឈើប្រភេទកម្រប្រមាណជិត៣ម៉ែត្រគីប ត្រូវកម្លាំងអធិការខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបង្ក្រាបបាន

117

 

ខេត្តកំពង់ធំ៖ សមត្ថកិច្ចអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក ហោ ភាជ នាយរងអធិការ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ វរសេនីយ៍ទោ ថៃ ដានិត បានស្ទាក់ឃាត់គោយន្តកន្ត្រៃមួយគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកឈើប្រភេទកម្រខុសច្បាប់ បម្រុងយកទៅលក់បន្តឲ្យឈ្មួញនៅទីរួមស្រុកស្ទោង។

ប្រតិបត្តិការនេះនៅវេលាម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់ដីឡាសិត ស្ថិតក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ប្រភពសមត្ថកិច្ចឲ្យដឹងថា៖ បទល្មើសទាំងនោះជាប្រភេទឈើទៀលគរ ជាប្រភេទឈើកម្រ ភាគច្រើនដុះតែនៅដំបន់ព្រៃធំនឹងជាប់មាត់អូរ ប៉ុន្តែបច្ចុប្បន្នទទួលរងការកាប់បំផ្លាញពី ជនលខិលខូចស្ទើតែដាច់ពូជអស់ទៅហើយ។

ប្រភពដដែលបន្តថា៖ ឈើនេះមានមុខកាត់រហូតដល់ជិត៥០សង់ទីម៉ែត្រ ប្រវែង១២ម៉ែត្រ ។ដោយសារតែឈើនេះមានប្រវែង និងភូមិសាស្ត្រនៅទីនោះស្មុគស្មាញទើបសមត្ថកិច្ចសម្រេចចិត្តកាត់ជាពីរកំណាត់ ដើម្បីងាយស្រួលដឹកជញ្ជូន មករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបចំណាត់ការបន្តតាមនិតិវិធី។ វត្ថុតាងទាំងនោះមានគោយន្តកន្ត្រៃ១គ្រឿង និងឈើ ដោយឡែកជនល្មើសហាក់ដឹងមុន បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ ។

កន្លងមកនេះកម្លាំងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប មានលោកតិប ញាតា ជាអធិការ បានដឹកនាំបញ្ជាកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានជាបន្តបន្ទាប់ និងមានប្រសិទ្ធភាព គួរឲ្យកត់សំគាល់៕