រដ្ឋាភិបាលវ៉េណេស៊ុយអេឡានិងបក្សប្រឆាំងត្រៀមខ្លួនចរចា

18

ក្រុមអ្នកតំណាងរដ្ឋាភិបាលនៃប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងមេដឹកនាំបក្សប្រឆាំងលោក Juan Guaido នឹងធ្វើកិច្ចចរចាក្នុងគោលបំណងដើម្បីបំបែកភាពជាប់គាំងនយោបាយដែលត្រូវបានសម្របសម្រួលដោយប្រទេសន័រវេស។

វិបត្តិនយោបាយរបស់វ៉េណេស៊ុយអេឡានៅតែបន្ត ខណៈដែលលោក Maduro គ្រប់គ្រងប្រទេសដោយកណ្តាប់ដៃដែកដែលមានប្រទេសចិននិងរុស្ស៊ីនៅពីក្រោយ ខណៈលោក Guaido ប្រកាសខ្លួនឯងថាជាប្រធានាធិបតីបណ្ដោះអាសន្នដែលមានការគាំទ្រពីសហរដ្ឋអាមេរិក។

វិបត្តិបានរីកធំឡើងដោយមានប្រជាជនវេណេហ្ស៊ុយអេឡាច្រើនជាង 4 លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ការចរចានេះនឹងត្រូវបានរៀបចំឡើងនៅក្នុងប្រទេសបាបាដូសនៅសប្តាហ៍នេះ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Maduro បានស្នើកាលពីថ្ងៃអង្គារថារដ្ឋាភិបាលរបស់លោកអាចឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមប្រឆាំងដើម្បីដោះស្រាយវិបត្តិនេះ។

ដោយផ្លាស់ប្តូរពីតំណែងមុនរបស់លោកដើម្បីបដិសេធការចរចាជាមួយរដ្ឋាភិបាល លោក Guaido បាននិយាយថាលោកត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់របបផ្តាច់ការរបស់លោក Maduro។

ការជាប់គាំងផ្នែកនយោបាយបានបន្ត ខណៈលោក Maduro ដែលគ្រប់គ្រងបណ្តាញយោធានិងតុលាការបានបង្កើនសម្ពាធលើលោក Guaido ខណៈសហរដ្ឋអាមេរិកបានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលរបស់លោក Maduro។

វាមិនច្បាស់ទេថាតើកិច្ចពិភាក្សានាពេលខាងមុខនេះនឹងបញ្ចប់ភាពច្របូកច្របល់នៅពេលដែលលោក Maduro បានច្រានចោលទាំងស្រុងនូវការអំពាវនាវពីគណបក្សប្រឆាំងនិងសហគមន៍អន្ដរជាតិចំពោះការរៀបចំបោះឆ្នោតប្រធានាធិបតីឡើងវិញ៕