Uber ខាតបង់ប្រាក់ជាង 1 ពាន់លានដុល្លារក្នុងរយៈពេលបីខែដោយសារកំណើនធ្លាក់ចុះ

46

ក្រុមហ៊ុន Uber បានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសចំនួន 1,07 ពាន់លានដុល្លារអាមេរិក (820 លានផោន) ដោយសារវាបានបង្កើនប្រាក់ទៅវិនិយោគលើផ្នែក កង់ ម៉ូតូ និងការដឹកជញ្ជូនចំណីអាហារ។

ការខាតបង់កាលពីខែកក្កដាដល់ខែកញ្ញាមានចំនួន 177 លានដុល្លារអាមេរិក (136 លានផោន) ខ្ពស់ជាងត្រីមាសចាប់ពីខែមេសាដល់ខែមិថុនា ហើយវាជាការត្រៀមខ្លួនរបស់ក្រុមហ៊ុនយក្សដឹកអ្នកដំណើរសម្រាប់ជំហរហិរញ្ញវត្ថុដែលនឹងកើតឡើងនៅឆ្នាំក្រោយ។

ប្រាក់ចំណូលបានកើនឡើង 5,4% នៅត្រីមាសទីបីហើយការកក់ទុកដុលកើនឡើង 6% ឈានដល់ 12,7 ពាន់លានដុល្លារអាមេរិក (9,78 លានផោន) ប៉ុន្តែតួលេខទាំងនេះបង្ហាញពីការធ្លាក់ចុះនៃកំណើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វាជាត្រីមាសទីបីជាបន្តបន្ទាប់ដែលកំណើននៃការកក់ទុកតាមត្រីមាសរបស់ក្រុមហ៊ុន Uber នៅតែមានតួលេខមួយខ្ទង់បន្ទាប់ពីកំណើនពីរខ្ទង់រហូតពេញមួយឆ្នាំ 2017។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសានហ្វ្រាន់ស៊ីស្កូនិងមានតម្លៃ 76 ពាន់លានដុល្លារកំពុងស្វែងរកការពង្រីកទីផ្សារដឹកអ្នកដំណើរ ការដឹកជញ្ជូនទំនិញ និងកង់អគ្គិសនីនៅពេលដែលកំណើនធ្លាក់ចុះនៅក្នុង app ដឹកជញ្ជួនអ្នកដំណើរ ដែលមានអាយុកាលមួយទសវត្សរ៍ហើយសព្វថ្ងៃនេះ។

ក្រុមហ៊ុន Uber ប្រឈមនឹងសម្ពាធដើម្បីបង្ហាញថាវានៅតែអាចលូតលាស់គ្រប់គ្រាន់ដើម្បីទទួលបានផលចំណេញ ខណៈពេលដែលវាត្រៀមខ្លួនសម្រាប់ការចេញលក់ភាគហ៊ុនសាធារណៈជាលើកដំបូង (IPO) នៅឆ្នាំក្រោយ។

ប្រធានហិរញ្ញវត្ថុ លោក Nelson Chai បាននិយាយថា “យើងមានត្រីមាសដ៏រឹងមាំមួយទៀតសម្រាប់ទំហ៊ំនិងវិសាលភាពសកលនៃអាជីវកម្មរបស់យើង”។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ទីផ្សារមានសក្តានុពលខ្ពស់នៅក្នុងប្រទេសឥណ្ឌានិងមជ្ឈឹមបូព៌ាដែលយើងបន្តពង្រឹងជំហររបស់យើង”។

នៅចក្រភពអង់គ្លេស ក្រុមហ៊ុន Uber បានប្រឈមនឹងភាពចម្រូងចម្រាសអំពីសិទ្ធិរបស់អ្នកបើកបរនិងសមរភូមិដ៏លំបាកជុំវិញអាជ្ញាប័ណ្ណនៅទីក្រុងឡុងដ៍របស់ខ្លួនបន្ទាប់ពីការបរាជ័យក្នុងដំណើរការដែលវាប្រតិបត្តិត្រូវបានកំណត់ដោយអាជ្ញាធរដឹកជញ្ជូនទីក្រុង៕