វៀតណាមរក​ចំណូល​ពីការ​នាំចេញ​ផលិតផល​​គ្រាប់​ស្វាយ​ចន្ទី បាន​ច្រើន​បំផុត​មិន​ធ្លាប់​មាន

102

វៀតណាម បាន​ទទួល​ប្រាក់​ចំណូល​ពី​ការ​នាំចេញ​ផលិតផល​សម្រេច​នៃ​គ្រាប់​ស្វាយចន្ទី ៣,៥២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ កើនឡើង ២៣,៨ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Vietnam News ចុះផ្សាយ​ថ្ងៃ​ទី៩ មករា ២០១៨។

បើ​គិត​បរិមាណ​នៃ​ការ​នាំចេញ គឺ ៣៥,៣ម៉ឺន​តោន កើន​ឡើង​ ១,៩ភាគរយ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​កើន​ឡើង​ច្រើន​ជាង​បរិមាណ​ គឺ​ដោយសារ​តម្លៃ​ជា​មធ្យម​នៃ​ផលិត​ផល​គ្រាប់​ស្វាយចន្ទី បាន​កើន​ឡើង ២២ភាគរយ (តម្រូវ​ការ​កើន​ឡើង តែ​ការ​ផ្គត់ផ្គង់​បាន​ធ្លាក់​ចុះ​នៅ​ប្រទេស​ជាច្រើន)។ ទីផ្សារ​ធំ​បំផុត​នៃ​គ្រាប់​ស្វាយចន្ទី​វៀតណាម គឺ​សហរដ្ឋ​អាមេរិក (៣៥%) ហូឡង់ (១៥,៦%) និង​ចិន (១២,៩%)។ ចំណែក​ទីផ្សារ​ជាច្រើន​ទៀត ក៏​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដូចជា រុស្ស៊ី (កើន​ឡើង ៥៦,៣%) ថៃ (កើន​ឡើង ៤១,៤%) និង​ចក្រភព​អង់គ្លេស (កើន​ឡើង ២៤,៨%)។

សមាគម​ន៍គ្រាប់​ស្វាយចន្ទី​វៀតណាម រំពឹង​ថា​តម្រូវការ​នៃ​ផលិតផល​គ្រាប់​ស្វាយ​ចន្ទី នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​នា​ឆ្នាំ​២០១៨។ សមាគមនេះ​បញ្ជាក់ថា ក្រុមហ៊ុន​កែឆ្នៃ​គ្រាប់​ស្វាយចន្ទីវៀតណាម ចាំបាច់​ត្រូវ​បន្ត​បង្កើន​គុណភាព បង្កើន​ការ​ផ្សព្វផ្សាយ​ ធ្វើ​យ៉ាងណា​អាច​រក្សា​កេរ្តិ៍ឈ្មោះ​ល្អ​នៅ​លើ​ទីផ្សារសាកល។

គួរ​បញ្ជាក់ថា ទោះ​បី​ជា​បច្ចុប្បន្ន​វៀតណាម​ជា​ប្រទេស​ដែល​ផលិត និង​នាំចេញ​គ្រាប់​ស្វាយចន្ទី​ធំ​បំផុត​ក្នុង​លោក ប៉ុន្តែ​ស្វាយចន្ទី​ដែល​ដាំ​ក្នុងស្រុក គឺ​អាច​ផ្គត់ផ្គង់​បាន​តែ ២០ ទៅ ៣៥ ភាគរយប៉ុណ្ណោះ។ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នាំចេញ ក្រុមហ៊ុន​ផលិត​គ្រាប់​ស្វាយចន្ទី​វៀតណាម បាន​នាំចូល​គ្រាប់​ស្វាយចន្ទី​ឆៅ ១,២លាន​តោន រយៈពេល ១១ខែ ក្នុងឆ្នាំ​២០១៧ (ភាគច្រើន​ពី​ប្រទេស​នៅអាហ្រ្វិក)៕