គ្រោងឆ្អឹងដាយណូស័រដ៏កម្រមួយនេះត្រូវបានលក់ក្នុងតម្លៃជាង 2 លានដុល្លារអាមេរិកនៅឯប៉ម Tower Eiffel នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។
ឆ្អឹងមានប្រវែង 9 ម៉ែត្រនិងកម្ពស់ 2,6 ម៉ែត្រត្រូវបានរកឃើញអំឡុងពេលជីកដីនៅរដ្ឋ Wyoming សហរដ្ឋអាមេរិកក្នុងឆ្នាំ 2013។ ដាយណូស័រត្រូវបានគេជឿថាបានរស់នៅក្នុងអំឡុងចុងសតវត្ស Jurassic ប្រហែល 150 លានឆ្នាំមុន នេះបើយោងតាមក្រុមហ៊ុនដេញថ្លៃ Aguttes ។
អំបូរសត្វដាយណូស័ររហូតមកដល់ពេលនេះនៅតែជាអាថ៌កំបាំងសម្រាប់អ្នកស្រាវជ្រាវព្រោះឆ្អឹងរបស់វាខុសគ្នាពីប្រភេទដាយណូស័រដែលគេស្គាល់។
អ្នកវិទ្យាសាស្ត្របានគិតជាលើកដំបូងថាវាជា allosaurus ប៉ុន្តែបន្ទាប់ពីការពិនិត្យដោយស៊ីជម្រៅឆ្អឹងបានបង្ហាញពីភាពខុសប្លែកគ្នានៃកាយវិភាគសាស្ត្រដ៏សំខាន់ដែលគេស្គាល់ថាជា allosaurus ដែលមានធ្មេញច្រើននិងឆ្អឹងខុសពីគេ។
អ្នកទិញគ្រោងឆ្អឹងដែលបានបដិសេធមិនឱ្យបញ្ចេញឈ្មោះជាសាធារណៈបានទិញគ្រោងឆ្អឹងដាយណូស័រក្នុងតម្លៃ 2,36 លានដុល្លារអាមេរិក។
ក្រុមហ៊ុនដេញថ្លៃបានសន្យាថាម្ចាស់ថ្មីនឹងត្រូវបានគេអនុញ្ញាតឱ្យជ្រើសរើសយកឈ្មោះសម្រាប់ដាយណូស័រ ដរាបណាវាជាការស្រាវជ្រាវវិទ្យាសាស្ត្រនិងត្រូវពិនិត្យមើលឡើងវិញ។
ផ្នែកមួយនៃប្រាក់ចំណេញពីការលក់នេះនឹងបរិច្ចាកទៅឱ្យអង្គការសប្បុរសធម៌ពីរដែលកំពុងប្រយុទ្ធដើម្បីការពារប្រភេទសត្វដែលជិតផុតពូជ៕