សៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនមនុស្ស១៩នាក់ ដែលក្លែងបន្លំជាសង្ឃធ្វើសកម្មភាពដើរបិណ្ឌបាត្រតាមទីផ្សារទីសាធារណៈ និងស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបែបអនាធិបតេយ្យ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី ហួត ធី ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះ មានស្រុកកំណើតនៅខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តកំពត ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា បន្ទាប់ពីអនុគណ និងធម្មការក្រុងខេត្តសៀមរាប ធ្វើការបកស្បង់ជីវរហើយបានប្រគល់ឲ្យសមត្ថកិច្ចនគរបាល កម្លាំងជំនាញបានធ្វើការសាកសួរ និងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន(មានផ្ទុកសារធាតុញៀន)១៧នាក់ ។ បន្ទាប់មកបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តនីតិវិធី និងកុមារម្នាក់បញ្ជូនទៅឲ្យអង្គការ៕