ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់បញ្ជូនទៅតុលាការ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

41

 

ខេត្តកំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

ករណីនេះដែរប្រព្រឹត្តនៅម៉ោងប្រមាណ១១និង១០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខការ៉ាស់សាំងឈ្មោះ អៀ ហួត ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រមាណ ០៧នាក់។

ប្រភពសមត្ថកិច្ចបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវបង្ក្រាបបទល្មើស។ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ៖
១-ឈ្មោះ ហេង ឆៃរ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរជាងអ៊ុតម៉ូតូ (ឃាត់ខ្លួន) ។
២-ឈ្មោះ រស់ ខត្តិរុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរលក់ដូរ (ឃាត់ខ្លួន) ។
៣-ឈ្មោះ កែវ សុចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរជាសិស្ស (ឃាត់ខ្លួន) ។
៤-ឈ្មោះ ផល ចន្ថាដាណា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរជាសិស្ស (ឃាត់ខ្លួន) ។
ចំណែក ជនសង្ស័យបីនាក់ទៀត មិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួន)។

គួរបញ្ជាក់ផងដែរករណីបានប្រព្រឹត្តិ ដោយយកកាំបិតកកុក និង ដាវ ដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ណែម ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តែមិនបណ្តាលអោយរងរបួសអ្វីទេ ដោយជនរងគ្រោះរត់គេចខ្លួនទាន់ ចំណែកម៉ូតូម៉ាកអ៊ិចស៊ីទ័រ (Exciter) របស់ជនរងគ្រោះ ត្រូវបានជនបង្ក និងបក្ខពួកកាប់ ព្រមទាំងវាយបំបែកខ្ទេចខ្ទី ខូចខាតយ៉ាងដំណំ ។ មូលហេតុទំនាស់ពាក្យសម្ដី និងប្រើពាក្យឌឺដងដាក់គ្នា។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី៕