ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចជូនកងកម្លាំង ដើម្បីអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

53

 

(កំពង់ធំ)÷ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំប្រគល់ភារកិច្ច ជូនដល់កងកម្លាំង ដើម្បីចូលរួមអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការ ប្រើប្រាស់កម្លាំងសរុប វិធានការសរុប បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤  ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានផែនការសកម្មភាពក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានការអនុម័តនិងផ្ដល់សច្ចាប័នដោយឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ នៃបទបញ្ជាលេខ០១៣ ប.ជ /២០២៤ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងផែនការសកម្មភាពរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីវិធានការនៃការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ដើម្បីធ្វើយ៉ាងណាការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន នៅបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ដែលមានភារកិច្ចសហប្រតិបត្តិការនៅតាមគោលដៅនីមួយៗ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដោយត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងការសហប្រតិបត្តិការការពារឲ្យបានធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការពារដាច់ខាតមិនត្រូវចូលរួមក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងករណីមានយោធិនណាម្នាក់ ឃុបឃិត ប្រព្រឹត្តបទល្មើសក្នុងភារកិច្ចការពារធនធានធម្មជាតិ ត្រូវទទួលវិន័យ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។

មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ដែលមានការពាក់ព័ន្ធ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់អនុវត្តឱ្យបានតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងផែនការសកម្មភាពរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឱ្យទទួលបានជោគជ័យ។