ឧត្តមសេនីយ៍ទោ សោម ស៊ុន  ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបំពាក់សំលៀកបំពាក់ ជូនប្រជាការពារ នៅឃុំដងកាំបិត ស្រុកសណ្តាន់ 

18

 

(កំពង់ធំ)÷នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងពង្រឹងតួនាទីភារកិច្ច សិទ្ធិរបស់ប្រជាការពារ និងបំពាក់សំលៀកបំពាក់ជូនប្រជាការពារ ចំនួន៦០រូប នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅនៅក្នុងភូមិសាស្ត្រឃុំ និងការអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អសើរ ប្រជាជននៅក្នុងឃុំដងកាំបិតទាំងមូលរស់នៅប្រកបដោយភាពសុខសាន្ត គ្មានអំពើចោរកម្ម គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើហិង្សាក្នុងគ្រួសារ ហើយទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាការពារទាំងអស់ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ រួមចំណែកជាមួយសង្គមជាតិ ចូលរួមក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសក្នុងការអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋានភូមិ ឲ្យបានយ៉ាងល្អប្រសើរ ទោះបីបងប្អូនមិនបានទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលក្តី  ក៏បងប្អូនបានខិតខំបម្រើប្រជាពលរដ្ឋអស់ពីម្លាំងកាយចិត្ត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារក្នុងការចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ហើយត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

នៅក្នុងពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជូនពរដល់បងប្អូនប្រជាកាពាទាំអស់នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨នេះ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ  ហើយក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឧត្តមសេនីយ៍ទោសោម ស៊ុន បានបំពាក់សំលៀកបំពាក់ជូនប្រជាការពារចំនួន៦០សម្រាប់ ជូនដល់កម្លាំងប្រជាការពារ ចំនួន ៦០ នាក់ ដើម្បីបន្តសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី បំពេញភារកិច្ចបម្រើប្រជាជននៅឃុំដងកាំបិត  ស្រុកសណ្ដាន់   ខេត្តកំពង់ធំ ឲ្យបន្តទទួលបានសុខសុវត្ថិភាពជារៀងរហូតទៅ។