បើកបរលឿនជ្រុលទៅបុករង្វង់មូលយាយទេព និងបន្តបុករបងផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ រងរបួសធ្ងន់ស្រាលបីនាក់

23

 

(បាត់ដំបង)! មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍រថយន្តសេរីទំនើប០១គ្រឿងដែលបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករង្វង់មូលយាយទេព និងបន្តបុករះរបងផ្ទះនិងដើមឈើរបស់ពលរដ្ឋនៅវេលាម៉ោង ០៣និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលយាយទេព ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើបម៉ាក LEXUS.RX330ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2P-6818 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរប្រុសស្រី០២នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករង្វង់មូលយាយទេពនិងបន្តទៅបុករះរបងផ្ទះ និងដើមឈើប្រជាពលរដ្ឋបណ្តាលអោយដួលរលំ រងរបួសធ្ងន់ស្រាលទាំងបីនាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានធ្វើកំណត់ហេតុស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់។