មន្ត្រីកូរ៉េខាងត្បូង បានសម្លាប់បក្សីចំនួនជាង ២០ម៉ឺនក្បាល

45

មន្រ្តីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកមន្ត្រីកូរ៉េខាងត្បូងបានសម្លាប់បក្សីចំនួន ២០ម៉ឺន ១ពាន់ក្បាល នៅតំបន់ភាគនិរតីរបស់ប្រទេសនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី។

មន្ត្រីម្នាក់ដែលបានដោះស្រាយបញ្ហានេះ នៅក្រសួងកសិកម្មអាហារ​ និងការងារជនបទ បាននិយាយថាកម្មកររោងចក្រនៅតំបន់ដាច់ស្រយាល បានសម្លាប់សត្វទា នៅចន្លោះថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃសុក្រ។ ហើយការបោសសម្អាតបានកើតឡើង បន្ទាប់ពីវីរុស H5N6 បានបង្កផ្ទុះជំងឺឡើងវិញ បានវាយប្រហារកសិដ្ឋានចិញ្ចឹមទា ៤កន្លែង នៅភាគនិរតីរបស់ប្រទេសនេះ។

លោក Kim Yung-rok រដ្ឋមន្ត្រីក្រសួងកសិកម្មស្បៀង និងកិច្ចការជនបទ បានជួបប្រជុំជាមួយក្រុមមន្ត្រីកាលពីព្រឹកថ្ងៃចន្ទ ហើយបានអំពាវនាវឱ្យមានវិធានការកម្ចាត់មេរោគនេះ នៅកសិដ្ឋាននីមួយៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី។

សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជំងឺគ្រុនផ្តាសាយបក្សីបង្កឡើងដោយវីរ៉ុស សំដៅលើវីរុសដែលបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរលើបក្សី និងបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់។ កាលពីឆ្នាំមុនប្រទេសកូរ៉េខាងត្បូងបានសម្លាប់បក្សីជាង ៣០លានក្បាល ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ៕