ប្រធានាធិបតីហ្គាតេម៉ាឡាលោក ជីមី ម៉ូលឡេស បានបញ្ជាឱ្យប្តូរស្ថានទូតរបស់ប្រទេសនេះ ទៅកាន់ក្រុងយេរូសាឡឹម នៅក្នុងប្រទេសអ៊ីស្រាអែល។ លោកបាននិយាយថា ការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
កាលពីសប្ដាហ៍មុន ប្រទេសហ្គាតេម៉ាឡា គឺជាប្រទេសមួយក្នុងចំណោមប្រាំពីរប្រទេស ដែលបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ជំរុញឱ្យប្រទេសអាមេរិក បដិសេធការទទួលស្គាល់ក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ប៉ុន្តែលោកដូណាល់ត្រាំ បានគំរាមកាត់ជំនួយដល់ប្រទេសនេះ ដែលបានបោះឆ្នោតប្រឆាំងនឹងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏សំខាន់មួយ ចំពោះហ្គាតេម៉ាឡា ដែលជាប្រទេសក្រីក្រនៅអាមេរិកកណ្តាល នៃភាគខាងត្បូងប្រទេសម៉ិកស៊ីកូ។
កាលពីថ្ងៃអាទិត្យ លោក ម៉ូលឡេស បាននិយាយថា លោកបានណែនាំដល់អាជ្ញាធរហុងឌូរ៉ាន ឱ្យចាប់ផ្តើមការសម្របសម្រួលគ្នាចាំបាច់បំផុត មុនពេលបញ្ជូនស្ថានទូតរបស់ប្រទេសនេះ ពីក្រុងតែលអាវីវ ទៅកាន់ក្រុងយេរូសាឡឹម។ លោកក៏បាននិយាយផងដែរថា ប្រទេសហ្គាតេម៉ាឡា គឺជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អ៊ីស្រាអែល។ ដូច្នេះស្ថានភាពនៃក្រុងយេរូសាឡឹម បានក្លាយទៅជាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាយូរយាណាស់មកហើយ។
អ៊ីស្រាអែលបានកាន់កាប់ភាគខាងកើតទីក្រុងនេះ ដែលធ្លាប់កាន់កាប់ដោយហ្ស៊កដានី ពីមុននៅក្នុងសង្គ្រាមបូព៌ាកាលពីឆ្នាំ១៩៦៧ និងចាត់ទុកទីក្រុងទាំងមូលជារដ្ឋធានីរបស់ខ្លួន ដែលមិនអាចបំបែកបានឡើយ។ ដោយឡែក ពួកប៉ាឡេស្ទីន ក៏បានអះអាងថា ក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួននាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា អធិបតេយ្យភាពរបស់ប្រទេសអ៊ីស្រាអែល លើក្រុងយេរូសាឡឹម មិនដែលត្រូវបានគេទទួលស្គាល់ពីអន្តរជាតិឡើយ ហើយប្រទេសទាំងអស់ បច្ចុប្បន្នកំពុងរក្សាស្ថានទូតរបស់ខ្លួន នៅទីក្រុងតែលអាវីវ។ ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំ បានប្រាប់ក្រសួងការបរទេសអាមេរិក ឱ្យចាប់ផ្តើមធ្វើការផ្លាស់ប្តូរស្ថានទូតអាមេរិកទៅទីនោះដែរ៕