លោក​​ Biden និង Xi ពិភាក្សាដើម្បីជៀសវាងជម្លោះរវាងប្រទេសមហារអំណាចទាំងពីរ

8

ប្រធានាធិបតីសហរដ្ឋអាមេរិក​​ លោក Joe Biden​ និងប្រធានាធិបតីចិន​ លោក​ Xi Jinping បានពិភាក្សាអំពីតម្រូវការដើម្បីជៀសកុំឱ្យការប្រកួតប្រជែងរវាងប្រទេសរបស់ពួកគេនាំឱ្យមានជម្លោះ។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា​ លោក Biden និងលោក Xi បាននិយាយគ្នាតាមទូរស័ព្ទ។

សេចក្តីថ្លែងការណ៍បាននិយាយថាមេដឹកនាំទាំងពីរមាន “ការពិភាក្សាជាយុទ្ធសាស្រ្តដ៏ទូលំទូលាយ” រួមទាំង “តំបន់ដែលផ្តល់ផលប្រយោជន៍របស់យើង និងតំបន់ដែលផលប្រយោជន៍គុណតម្លៃ និងទស្សនៈវិស័យរបស់យើងមានភាពមិនចុះសម្រុងគ្នា”។

សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថាលោក Biden បានគូសបញ្ជាក់ពីការចាប់អារម្មណ៍ឥតឈប់ឈររបស់សហរដ្ឋអាមេរិកចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងពិភពលោក។

ខ្លួនបានបន្ថែមថាមេដឹកនាំបានពិភាក្សាអំពី “ទំនួលខុសត្រូវរបស់ប្រជាជាតិទាំងពីរដើម្បីធានាថាការប្រកួតប្រជែងមិនឈានទៅរកជម្លោះ”។

ក្រសួងការបរទេសចិនបាននិយាយថាលោក Xi បានប្រាប់​លោក Biden ថាគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើប្រទេសចិនបានបង្កឱ្យមានការលំបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

លោក Xi ត្រូវបានដកស្រង់សម្តីដែលនិយាយថាកិច្ចសហប្រតិបត្តិការចិន-សហរដ្ឋអាមេរិកនឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ប៉ុន្តែការប្រឈមមុខដាក់គ្នានឹងនាំមកនូវគ្រោះមហន្តរាយ។

លោក Xi បាននិយាយថាតាមរយៈការគ្រប់គ្រងភាពមិនចុះសម្រុងគ្នាបានត្រឹមត្រូវ ប្រទេសទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការស្តារឡើងវិញនៃសេដ្ឋកិច្ច និងបញ្ហាអន្តរជាតិសំខាន់ៗផ្សេងទៀត៕