អគារលំដាប់ពិភពលោកកម្ពស់៦០០ម៉ែត្រគ្រោងនឹងជំនួសសណ្ឋាគារកាំបូឌីយ៉ាណា

186

រាជធានីភ្នំពេញៈ យោងតាមការចុះផ្សាយជាផ្លូវការរបស់កាសែត The Phnom Penh Post ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះ គម្រោងសាងសង់អគារលំដាប់ពិភពលោកកម្ពស់៦០០ម៉ែត្រនៅលើទីតាំងសណ្ឋាគារកាំបូឌីយ៉ាណា សព្វថ្ងៃត្រូវបានដាក់ស្នើទៅដល់ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និង សំណង់ ហើយ។

លោក សេង ​ឡូត អ្នកនាំពាក្យនៃក្រសួងរៀបចំដែនដី បាននបញ្ជាក់ថា “វាគ្រាន់តែជាគម្រោងប៉ុណ្ណោះ ពេលនេះ…ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានស្នើសុំអាជ្ញាប័ណ្ណសម្រាប់គម្រោងនេះហើយ។ សណ្ឋាគារកាំបូឌីយ៉ាណានឹង ត្រួវវាយកម្ទេចចោល​ ហើយនឹងសង់អគារថ្មីមួយនៅទីនោះ។”

បើតាមប្រភពដដែល អគារដែលត្រូវសង់កម្ពស់៦០០ម៉ែត្រនោះនឹងក្លាយជាអគារខ្ពស់ជាងគេលំដាប់ទី៤ នៅក្នុងពិភពលោកបន្ទាប់ពីអគារ Burj Khalifa (សហព័ន្ធអារ៉ាប់រួម) ប៉មទីក្រុងសៀងហៃ (ប្រទេសចិន) និងប៉មនាឡិកា Abraj Al-Bayt (ប្រទេសអារ៉ាប៊ីសាអូឌី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំសណ្ឋាគារកាំបូឌីយ៉ាពុំទាន់ ចេញសេចក្តីប្រកាសផ្លូវការស្តីពីគម្រោងវាយចោលសំណង់ចាស់់និងសាងសង់អគារថ្មីលើទីតាំងចាស់នេះដែរ។

គួរកត់សម្គាល់ផងដែរថា សណ្ឋាគារកាំបូឌីយ៉ាណាត្រូវបានចាត់ទុកជាសំណង់និមិត្តរូបមួយនៃវិស័យ ស្ថាបត្យកម្មនិងទេសចរណ៍ក្នុងទីក្រុងភ្នំពេញ ព្រោះវាជាអគារប្រវត្តិសាស្រ្តដែលត្រូវបានសម្ពោធតាំងពីឆ្នាំ១៩៦៩ ចុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេចព្រះបរមរតនកោដ្ឋ និង​ជាស្នាដៃដ៏លេចធ្លោរបស់ស្ថាបត្យករ ខ្មែរមួយរូបក្នុងសម័យនោះ គឺ លោក លុយ បានហាប់ ​(សព្វថ្ងៃ កំពុងរស់នៅប្រទេសបារាំង)។​ សណ្ឋាគារនេះត្រូវបាន កាន់កាប់ដោយក្រុមហ៊ុនសណ្ឋាគារសឹង្ហបុរី ឈ្មោះ សូហ្វីតែល ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០១ ហើយត្រូវបានផ្ទេរកម្មសិទ្ធិ​មកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោកឧកញ៉ា គិត ម៉េង ចាប់តាំងពីឆ្នាំ២០០៥ ដល់សព្វថ្ងៃ៕