ឃាត់ខ្លួនមនុស្ស១៩នាក់ បន្ទាប់ពីក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្រតាមទីផ្សារនៅខេត្តសៀម​រាប

70

សៀមរាប​ ៖​ សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន​មនុស្ស​១៩​នាក់​ ដែល​ក្លែងបន្លំ​ជា​សង្ឃ​ធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ​ទី​សាធារណៈ​ និង​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប​បែប​អនាធិបតេយ្យ​។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើងកាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

​លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ ធី​ ស្នងការ​រង​ទទួល​ផែន​សន្តិសុខ នៃស្នងការនគរបាលខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងនោះ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ខេត្តព្រះវិហារ​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តឧត្តរមានជ័យ​ និង​ខេត្តកំពត​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ បានបន្ត​ថា​ បន្ទាប់​ពី​អនុគណ​ និង​ធម្មការ​ក្រុង​ខេត្តសៀមរាប​ ធ្វើការ​បក​ស្បង់​ជី​វរហើយ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ​ និង​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​(​មាន​ផ្ទុក​សារធាតុ​ញៀន​)១៧​នាក់​ ។​ បន្ទាប់​មក​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ដើម្បី​បន្ត​នីតិវិធី​ និង​កុមារ​ម្នាក់​បញ្ជូន​ទៅ​ឲ្យ​អង្គការ​៕