ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធនិងចូលរួមបុណ្យសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជាការរង យោធភូមិភាគទី៤ 

35

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០េ៧ ខែមីនា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំប្រតិភូទៅចូលរួមក្នុងពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជាការរងយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៤ ដោយរបួសចាស់សើរើឡើងវិញ ក្នុងជន្មាយុ ៦៦ ឆ្នាំ នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប  ខេត្តសៀមរាប  ដែលពិធីគោរពវិញ្ញាណក្ខន្ធនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ថ្នាក់ដឹកនាំ ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​ ដែលមានវីរភាពដ៏អង់ អាចក្លាហាន មានគុណធម៌ និងជាយុទ្ធមិត្តរួមអាវុធ ដែលធ្លាប់បានតស៊ូក្នុងសម័យសង្គ្រាមការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី  ខៀវ សំផន  និងសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងប្រតិភូ បានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ឋ ប្រកបដោយក្តីក្តុកក្តួលរំជួលចិត្ត និងលាគ្នាជាលើកចុងក្រោយ ដែលជាការលាជារៀងរហូត និងបានសំណេះសំណាលជាមួយក្រុមគ្រួសារសព ព្រម ទាំងបានចូលរួមថវិកាមួយចំនួនក្នុងពិធីបុណ្យសព​ និង​បាន​ចុះហត្ថលេខា​ចូល​រួម​មរណទុក្ខ​ នៅ​លេីសៀវភៅគ្រាំងមាស​នាក្នុងឱកាសដ៍ក្រៀមក្រំនេះផងដែរ។