រោងសិប្បកម្មកែច្នៃឈើមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

55

សៀមរាប;)នៅវេលាម៉ោង ២១ រាត្រី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ ដែលជាថ្ងៃបងប្អូនខ្មែរកាត់ខ្សែស្រឡាយចិន បានធ្វើការសែនបុណ្យចូលឆ្នាំចិន និង វៀតណាម បានធ្វើឲ្យទីតាំងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរគ្មានសល់ ដែលបង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋ និងសមត្ថកិច្ច ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។
បើតាមប្រភពពីអ្នកជិតខាង បានឲ្យដឹងថា ករណីឆេះរោងសិប្បកម្មឈើ ទាំងយប់នោះ បានកើតឡើង ផ្តើមចេញពីខាងក្នុងផ្ទះ ផ្នែកខាងក្រោយ ខណៈពេលនោះត្រូវបាន ពលរដ្ឋដែលរស់នៅជិតនោះ បានខលហៅ សមត្ថកិច្ចមូលដ្ឋាន ឲ្យជួយហៅរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ ។  ក្រោយពីបានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យរួចមក រថយន្តក៏បានមកដល់ ធ្វើបាញ់ពន្លត់ភ្លាមៗ ប៉ុន្តែមិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ឬ មិនមាននរណារងរបួស ក្នុងហេតុការណ៍នោះឡើយ ។
តាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី  ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ  និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ទីតាំងរោងធ្វើសិប្បកម្មលក់ តុ.ទូ ដែលឆេះនេះ មានម្ចាស់ឈ្មោះ ចាន់ ណារិទ្ធភក្តី ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ លោក ក៏បានបញ្ជាក់ពីមូលហេតុ ដោយម្ចាស់ផ្ទះចាក់សោរទុកចោល នៅវេលាម៉ោង១៥ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាកចេញទៅផ្ទះ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងហេតុ ការណ៍នេះ កម្លាំងជំនាញបានសហការគ្នា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំនួន ០៥ គ្រឿង  ក្នុងនោះ រថយន្តអាជ្ញាធរអប្សរា០១គ្រឿង , កងរាជអាវុធហត្ថខេត្ត០១គ្រឿង ទើបទ្រទ្រង់ស្ថានការណ៍បានទាំអស្រុង នៅវេលាម៉ោង ២២ និង៣០នាទី នារាត្រីថ្ងៃដដែល  ។
ក្នុងករណីឆេះនេះ គឺ បណ្តាលមក ពីផ្ទុះស្សេខ្សែភ្លើង ប៉ុន្តែតាមការប៉ាន់ស្មានគិតជាទឹកប្រាក់អស់ប្រមាណជាង ៣ ម៉ឺនដុល្លារ  ៕