ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតី សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅ២០២៤និងជូនប័ណ្ណសរសើរដល់យុវជគណបក្សខេត្តពោធិ៍សាត់

9

 

ខេត្តពោធិសាត់:)ឯកឧត្តម កែវ រតនៈ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តនិងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពសន្តិបាតបូកសរុប លទ្ធផលការងារយុវជនគណបក្សខេត្ត ឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ និង ជូនបណ្ណសរសើរដល់យុវជនគណបក្សចំនួន២៣៦នាក់ ដែលបានប្រារព្ធធ្វើនៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួម១៥០០នាក់
លោក ​ងួន ប៉ោសេង ប្រធានក្រុមការងារយុវជនគណបក្សខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ដែលជាជំនួយការឱ្យគណៈកម្មាធិការគណបក្សខេត្ត លើការងារគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ និងអនុវត្តទៅតាម កម្មវិធីនយោបាយនិងសេចក្តីសម្រេចចិត្តនានារបស់បក្ស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏មុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ លោកបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣នេះ រចនាសម្ព័ន្ធចាត់តាំងយុវជនគណបក្សខេត្ត រួមមានថ្នាក់ខេត្តចំនួន១១៤ នាក់ ក្រុមអចិន្ត្រៃយ៍២៩នាក់ មាន១១ផែនស្មើនឹង ៤១៥នាក់ យុវជនថ្នាក់ស្រុក ក្រុងទាំង៧មានចំនួន៨២២នាក់ សកម្មជនយុវជនទាំង៥២៦ភូមិមានចំនួន១៥៧៨នាក់សមាជិកបក្សជាយុវជនចាប់ពីអាយុ១៨ដល់៣៥ឆ្នាំជាង៩៩ពាន់នាក់និងសមាជិកបក្សជាង២៤៦ពាន់នាក់។ សកម្មជនយុវជនបានចុះធ្វើសកម្មភាពការងារមនុស្សធម៌នៅតាមបណ្តាឃុំ ស្រុក ក្រុង ដូចជាចុះសួរសុខទុក្ខពលរដ្ឋជួបកង្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ អ្នកមានជម្ងឺ អ្នកទទួលមរណៈភាពដោយបាននាំយកស្បៀង គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនជាប់ជាប្រចាំ។ ចំពោះទិសដៅ អនុវត្តបន្តគឺពង្រឹងពង្រីកសមាជិកថ្មី រក្សាសមាជិកចាស់ ​ចូលរួមគ្រប់សកម្មភាពសង្គមព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកាជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សធ្វើឱ្យយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកាន់តែមានទំនុកជឿជាក់និងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ខូយ រូដា និងឯកឧត្តម កែវរតនៈ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទាំងថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់និងថ្នាក់ភូមិ ដែលកន្លងមកតែងតែបានចូលរួមសហការសាមគ្គី គ្នាដើម្បីគោលដៅរួម តែមួយគឺគណបក្សប្រជាជនកម្ពុជាជោគជ័យគ្រប់ការបោះឆ្នោត។ ជានិច្ចកាលយុវជនជាសកម្មជនបានអនុវត្តសកម្មភាពបម្រើប្រជាពលរដ្ឋនិងធ្វើការវាយបកទាន់ពេលវេលាតាមរយៈបណ្តាញសង្គមព្រោះថា យុវជនគណបក្សជាកម្លាំងចលករនិងជាអ្នកបន្តវេណយ៉ាងសំខាន់ នាពេលនេះក៏ដូចទៅថ្ងៃអនាគត ។ ហេតុនេះសូមឱ្យយុវជនតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ត្រូវបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួល បាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើផលប្រយោជន៍ជូនជាតិនិងប្រជាជន។ យុវជនទាំងអស់ត្រូវតែត្រៀមខ្លួនសម្រាប់ការរស់នៅ ការរៀនសូត្រ ត្រូវមានសកម្មភាពល្អទាំងវប្បធម៌ ទំនៀមទំលាប់ប្រពៃណី បន្តសាមគ្គីគ្នាទាំងនៅក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធឱ្យកាន់តែរឹងមាំ ដើម្បីបម្រើបក្សកាន់តែទទួលបានការគាំទ្រពីប្រជាជនកាន់តែច្រើន។ ឯកឧត្តម បានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ដែលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ កសាងនិងអភិវឌ្ឋន៍ប្រទេសរហូតមកដល់ពេលនេះជាង៤៤ឆ្នាំ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពនិងភាពរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម មានការរីកចម្រើនជាលំដាប់ នេះបញ្ជាក់ឱ្យឃើញថា យុវជនរបស់យើងមានឆន្ទះ មានបេះដូង មានការសាមគ្គីគ្នាយ៉ាងល្អ ពោលគឺធ្វើអ្វីៗសម្រាប់តែផលប្រយោជន៍ជាតិនិងប្រជាជន ដូចពាក្យថា សាមគ្គី១០ ជ័យជំនះ១០ សាមគ្គីជោគជ័យ បែកបាក់ស្លាប់។ ឯកឧត្តម សូមឱ្យ ក្រុមយុវជន ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកធ្វើជាគម្រូល្អសម្រាប់យុវជនជំនាន់ក្រោយទៀត។នៅក្នុងឱកាសនោះឯកឧត្តម ប្រគល់សេចក្តីសម្រេចជូនលោក ពៅ ពិសិដ្ឋ អនុប្រធានប្រចាំការ លោក ឃៀង សុមុនី និង លោក ម៉ៅ ស៊ីវណ្ណា ជាសមាជិកអចិន្ត្រយ៍នៃក្រុមយុវជនគណបក្សខេត្តនិងបានចែកជូនប័ណ្ណសរសើរដល់ក្រុមយុវជនចំនួន២៣៦នាក់គឺជាការឆ្លើយតបទៅនឹងគុណបំណាច់របស់យុវជនគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ដែលបានលះបង់កម្លាំងកាយចិត្តនិងពេលវេលាចូលរួមសកម្មភាពមនុស្សធម៌ព្រមទាំងប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពប្រធានព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤-២០៣០និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជានាយករដ្ឋមន្ត្រីនិងជាបេក្ខភាពននាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ទៀត៕