បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទ​វគ្គ​ផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យា ។

16

 

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការបិទវគ្គផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ យោធភូមិភាគ​ទី​៤​ ។

លោកវរសេនីយ៍ឯក ឈុំ ឆៃ មេបញ្ជាការរងទទួលបន្ទុកការងារបច្ចេកទេសនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស ដែលបានផ្សព្វផ្សាយ​ និងអប់រំរៀនសូត្រ ជូនដល់សិក្ខាកាម ដែលជានាយទាហាន​ នាយទាហាន​រង​ គ្រប់គ្រងការងារបច្ចេកទេស ដែលបានអញ្ជើញមកពីគ្រប់តាមបណ្ដាកងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អស់រយៈពេលពេញមួយព្រឹកកន្លងទៅ​ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាកដឹកនាំ​ និង​នាយទាហានទទួលបន្ទុកការងារបច្ចេកទេសនៅគ្រប់បណ្ដាកងឯកភាព ត្រូវយកចិត្តទុកដាក់៖​  ទី១ ត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់នៅសម្ភារៈបច្ចេកទេសគ្រឿងយុទ្ធោបករណ៍ ដែលថ្នាក់លើបានបំពាក់នៅតាមអង្គភាពនីមួយៗ មិនឲ្យមានការបាត់បង់ឬខូចខាត។   ទី២ មិនអនុញ្ញាតឲ្យយោធិនណាម្នាក់យកអាវុធ​ គ្រាប់ចេញក្រៅអង្គភាពដោយគ្មានលិខិតបញ្ជាបេសកកម្មពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ជាដាច់ខាត​ ។  ទី៣ ត្រូវធ្វើការផ្ទៀងផ្ទាត់ការចុះបញ្ជីគ្រឿងសម្ភារៈបច្ចេកទេសដោយដៃ​ និង​តាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីធានាការគ្រប់គ្រងឲ្យបានហ្មត់ចត់ ។ ទី៤ ត្រូវគ្រប់គ្រងថែរក្សា ដុសលាង និងជួសជុល គ្រឿងយុទ្ធោបករណ៍ ដែលថ្នាក់លើបានបំពាក់ជូន ធានាបានក្នុងការបំពាក់ជូនយោធិនក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការពារជាតិមាតុភូមិ និងទី៥ នាយទាហានទទួលបន្ទុកការងារបច្ចេកទេស ត្រូវរក្សាការសម្ងាត់ការងារយោធាឲ្យបានជាដាច់ខាត បើក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តខុសឆ្គង ផ្ទុយពីលក្ខន្តិកៈនិងបទពិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ថ្នាក់​ដឹកនាំ​ និង​នាយ​ទាហាន​ នាយ​ទាហាន​រង​ ទទួល​បន្ទុក​ការ​ងារ​បច្ចេកទេស​ទាំង​អស់​ដែល​បាន​ចូល​រួម​វគ្គ​ផ្សព្វផ្សាយ​ការ​ចុះ​បញ្ជី​គ្រប់​គ្រង​គ្រឿង​បំពាក់​សម្ភារៈ​បច្ចេកទេស​តាមប្រព័ន្ធបច្ចេកវិទ្យា​នៅ​ពេល​នេះ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​តាមការ​ណែនាំ​របស់​ស្ថាប័ន​ជំនាញ​ និង​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ​ឲ្យ​ទទួលលទ្ធផលល្អ​ និង​ជោគជ័យ​ ។