អាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងព្រៃឡង់ក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្ដាន់

28

 

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ទីរពាក់ព័ន្ធចុះប្រតិបត្តិការពិនិត្យទីតាំងព្រៃឡង់ ជាធនធានធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ធំ ដើម្បីការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ព្រៃឡង់ កុំឱ្យជនខិលខូចទៅកាប់បំផ្លាញ រុករាងទន្ទ្រានយកដីអាស្រ័យផល និងបរបាញ់សត្វ មកបម្រើប្រយោជន៍របស់ខ្លួននោះឡើយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថា ព្រៃឡង់ ជាឈ្មោះហៅតៗគ្នា និងមានប្រភពផ្សេងៗគ្នាជាភាសាបារាំងព្រៃឡង (prey long) insitarth ព្រៃវែង (ប៉ុន្តែជាភាសាជនជាតិគួយវិញ ព្រៃឡង់ មានន័យថា ព្រៃរបស់យើងទាំងអស់គ្នា ព្រៃឡង់គ្របដណ្តប់ ដោយព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងដ៏មានតម្លៃវាជាព្រៃចុងក្រោយបំផុតនៃប្រភេទព្រៃដ៏មានសារៈសំខាន់នៅក្នុងឧបទ្វីបឥណ្ឌូចិន។ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៧៤ អនក្រ.ប ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រព្រៃឡង់ក្នុងគោលបំណងគឺ ធានាឱ្យមានថែរក្សាទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ។ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៨១ អនក្រ បកចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការកែប្រែដែនជំរកសត្វព្រៃ ព្រៃឡង់ ដែលមានផ្ទៃដីសរុបចំនួន
៤៨៩.៦៦៣ហិចតា លាតសន្ធឹងក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង។ ដោយឡែក ខេត្តកំពង់ធំមានផ្ទៃដីប្រមាណ១២៥.៧៨៤ហិកតា ស្ថិតនៅ ក្នុងស្រុកសណ្តាន់ និងសន្ទុក ពាក់ព័ន្ធនឹងឃុំចំនួន០៤គឺ ឃុំដងកាំបិត ឃុំមានវិទ្ធ និងឃុំសុចិត្រ នៃស្រុកសណ្តាន់ នឹងឃុំបឹងល្វា នៃស្រុកសន្ទុក ខេត្តកំពង់ធំ ដែលក្នុងនោះមានចំការ និងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនមាននៅក្នុងបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឡើយ។ ព្រៃឡង់ជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ ព្រោះថាវា មានប្រព័ន្ធអេកូឡូស៊ីប្លែក និងជាជម្រកសម្រាប់សត្វព្រៃ និងសត្វស្លាបដែលកំពុងរងគ្រោះថ្នាក់។

ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ បងប្អូន​  ប្រជាសហគមន៍​ និងអាជ្ញាធរ​  សមត្ថកិច្ច​ទាំងអស់​ ចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិព្រៃឡង់ គ្រប់​គគ្រងថែរក្សា​ព្រៃឈេីបានល្អប្រសេីរ​ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រភេទដើមឈើ និងសត្វគ្រប់ប្រភេទ។
ចូលរួម​ដាំដេីមឈេី​ទាំងអស់គ្នា​ នៅក្នុងតំបន់ព្រៃឡង់នេះឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកសិក្សាពីប្រវត្តិព្រៃឡង់នៅក្នុងទឹកដីខេត្តកំពង់ធំ។