របាយការណ៍: ស្ពានជាង 800 នៅប្រទេសបារាំងមានហានិភ័យនៃការបាក់រលំ

35

សវនកម្មដែលត្រូវបានចាត់ចែងដោយរដ្ឋាភិបាលបារាំងបានបង្ហាញថាស្ពានប្រហែល 840 នៅទូទាំងប្រទេសបារាំងទទួលរងការខូចខាតធ្ងន់ធ្ងរនិងប្រឈមនឹងហានិភ័យនៃការបាក់រលំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាមការធ្វើសវនកម្មដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយសារព័ត៌មាន Journal du Dimanche បានឱ្យដឹងថាពីរភាគបីនៃស្ពានដែលថែរក្សាដោយរដ្ឋាភិបាលចំនួន 12,000 នៅបារាំងត្រូវការជួសជុល។

វាបានព្រមានថាប្រហែល 7% នៃស្ពានទាំងនោះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលពួកវាអាចមានហានិភ័យនៃការដួលរលំនៅក្នុងឆ្នាំខាងមុខនេះ។

របាយការណ៍នេះមិនបានសំដៅលើស្ពានបារាំងរាប់ពាន់ទៀតដែលត្រូវបានថែរក្សាដោយក្រុមហ៊ុនឯកជន ឬអាជ្ញាធរមូលដ្ឋានឡើយ។

រដ្ឋាភិបាលបារាំងបានស្តីបន្ទោសរដ្ឋាភិបាលមុនៗ ចំពោះការវិនិយោគមិនសមស្របនិងមិនគ្រប់គ្រាន់នៅក្នុងបណ្តាញផ្លូវថ្នល់របស់ប្រទេសនិងបានសន្យាថានឹងចំណាយលើហេដ្ឋារចនាសម្ព័ន្ធថ្មី។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Elisabeth Norne បានប្រកាសផែនការវិនិយោគ 1 ពាន់លានអឺរ៉ូ (1,15 ពាន់លានដុល្លារ) ដើម្បីជួយសង្គ្រោះផ្លូវថ្នល់របស់ប្រទេស។

យោងតាមកាសែត The Independent បានឱ្យដឹងថាថវិកាបច្ចុប្បន្នសម្រាប់ការស្ដារហេដ្ឋារចនាសម្ព័ន្ធត្រូវបានគេរាយការណ៍ថានឹងមានចំនួន 800 លានអឺរ៉ូ (921 លានដុល្លារ) សម្រាប់ឆ្នាំ 2018។

ការធ្វើសវនកម្មនេះបាននិយាយថាបារាំងបានបណ្តាក់ទុនកាន់តែច្រើននៅក្នុងបណ្តាញផ្លូវរបស់ខ្លួនជាងបណ្តាប្រទេសនៅអឺរ៉ុបភាគខាងត្បូង ប៉ុន្តែតិចជាងបណ្តាប្រទេសនៅអឺរ៉ុបភាគខាងជើងដូចជាអូទ្រីស ស្វីស និងអង់គ្លេស។

រដ្ឋាភិបាលបារាំងបានស្ថិតនៅក្រោមសម្ពាធបន្ទាប់ពីការបាក់រលំស្ពានស្លាប់នៅទីក្រុង Genoa ភាគខាងជើងប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្ស 43 នាក់៕