មហាសន្និបាតពិភពលោកនៃទស្សនវិជ្ជាបើកនៅរដ្ឋធានីប៉េកាំង

31

មហាសន្និបាតពិភពលោកនៃទស្សនវិជ្ជា (WCP) លើកទី 24 បានបើកនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ វាជាលើកទី1 ហើយដែលព្រឹត្តិការណ៍កើតមានឡើងម្ដងរៀងរាល់ 5 ឆ្នាំត្រូវបានរៀបចំឡើងនៅក្នុងប្រទេសចិន។

យោងតាមគណៈកម្មាធិការចិនរៀបចំមហាសន្និបាតពិភពលោកនៃទស្សនវិជ្ជាឆ្នាំ2018 ដែលមានប្រធានបទ “រៀនសូត្រដើម្បីក្លាយជាមនុស្ស” ព្រឹត្តិការណ៍នេះនឹងរាប់បញ្ចូលទាំងសកម្មភាពជាង 1,000 ដូចជាកិច្ចប្រជុំពេញអង្គ ពិធីពិសារភោជនីអារហារ សិក្ខាសាលា និងកិច្ចប្រជុំតុមូល។

ទស្សនវិទូនិងបញ្ញាវ័នជាង 6,000 នាក់មកពី 121 ប្រទេសនិងតំបន់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដែលនឹងបញ្ចប់នៅថ្ងៃទី 20 ខែសីហា។

អ្នកចូលរួមនឹងចែករំលែកគំនិតទស្សនវិជ្ជាចម្រុះនិងចូលរួមក្នុងកិច្ចសន្ទនាផ្តោតលើបញ្ហាចម្បងៗដែលប្រឈមនឹងការអភិវឌ្ឍអរិយធម៌សកលនិងបញ្ហាដែលមនុស្សជាតិនឹងប្រឈមមុខនាពេលអនាគត។

ព្រឹត្តិការណ៍នៅឆ្នាំនេះត្រូវបានរៀបចំដោយសហព័ន្ធអន្តរជាតិនៃសង្គមទស្សនវិជ្ជានិងសាកលវិទ្យាល័យប៉េកាំង។

លោកលីន ជានហួ ប្រធានគណៈកម្មាធិការចិនរៀបចំមហាសន្និបាតពិភពលោកនៃទស្សនវិជ្ជាឆ្នាំ 2018  សង្ឃឹមថាកិច្ចសន្ទនារវាងទស្សនវិជ្ជាចិននិងទស្សនវិជ្ជានានាមកពីផ្នែកផ្សេងៗនៃពិភពលោកអាចលើកកម្ពស់ការស្វែងយល់ ស្វែងរកការយល់ស្របគ្នា និងផ្សាភ្ជាប់គម្លាតរវាងប្រទេសចិននិងបណ្តាប្រទេសដទៃទៀត។

មហាសន្និបាតពិភពលោកនៃទស្សនវិជ្ជាលើកទី1ត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំ 1900 នៅទីក្រុងប៉ារីស ហើយបានក្លាយជាព្រឹត្តិការណ៍ទស្សនវិជ្ជាដ៏ធំបំផុតមួយនៅទូទាំងពិភពលោក៕