ទីភ្នាក់ងារព័ត៌មានក្យូដូរ៖ កូរ៉េខាងជើងទំនងជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក PyeongChang

36

ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន ដែលបានស្រង់សម្តីពីសមាជិក IOC របស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងទំនងជានឹងចូលរួមនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ PyeongChang ដែលនឹងប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍នេះ លោក Chang Ung ដែលជាសមាជិកតែមួយគត់នៃ IOC របស់ក្រុងព្យុងយ៉ាង បាននិយាយថា ប្រទេសរបស់លោកទំនងជាចូលរួមក្នុងការប្រកួតកីឡារដូវរងារនេះ ដែលបានគ្រោងទុកនៅថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុង Pyeongchang ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈពេលជួបជាមួយអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិប៉េកាំង។

របាយការណ៍ដដែលនេះ បាននិយាយថា លោក Chang Ung ត្រូវបានគេជឿថា នឹងធ្វើដំណើរទៅកាន់ប្រទេសស្វ៊ីស ដើម្បីជួបជាមួយមន្ត្រីរបស់ IOC ដើម្បីពិភាក្សាពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងការប្រកួតខាងមុខនេះ៕