កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១ និងលើកទិសដៅសម្រាប់ត្រីមាស២ ឆ្នាំ២០២៤ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ 

17

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា  ឆ្នាំ២០២៤ ឯកឧត្តម  ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ ត្រីមាស១ ឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅការងារត្រីមាស២ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធ។

នៅក្នុងកម្មវិធីនេះក៍មានមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន២៣រូប។

ឯកឧត្តម  ងួន រតនៈ បានបញ្ជាក់ថាកិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖១-របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារត្រីមាស២។ ២- របាយការណ៍ហិរញ្ញវត្ថុឆ្នាំត្រីមាស១ និងផែនការថវិកាត្រីមាស២។ ៣- ត្រៀមប្រារព្វកម្មវិធី៨ ឧសភា ឆ្នាំ២០២៤។៤-ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានធ្វើការណែនាំដល់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្ថែមទៀតថា រាល់ចំណុចមួយចំនួន ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំត្រូវតែអនុវត្តឱ្យល្អប្រសើររួមមាន៖ ត្រូវបន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។ ពិនិត្យវាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។ ពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិធីជួយសង្រ្គោះបឋមតាមសហគមន៍។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

ជាចុងក្រោយឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកាគណៈកម្មាធិការសាខាទាំងអស់ ត្រូវតែយកចិត្តទុកដាក់បំពេញការងារ និងតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ និងចូលរួមផ្សព្វផ្សាយពីការសង្គ្រោះបឋម ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពីសុខភាពនិងអនាម័យបីប្រការ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។