ប្រជាពលរដ្ឋបិទផ្លូវមិនឲ្យឡានក្រុមហ៊ុនចិន ដឹកដីទាំងថ្ងៃទាំងយប់ មិនស្រោចទឹកធ្វើឲ្យហ៊ុយ ដី ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ

66

 

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន៤ភូមិ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាននាំគ្នាយកមែកឈើ និងគ្រែដាក់កាត់ទទឹងផ្លូវ ក្នុងគោលបំណងហាមមិនឲ្យឡានដឹកដីរបស់ ក្រុមហ៊ុនចិនជាច្រើនគ្រឿង ធ្វើចរាចរណ៍ទៅមកបាន ខណៈពួកគាត់អះអាងថា ឡានទាំងនោះដឹកដី ទាំងថ្ងៃ ទាំងយប់ បង្កការរំខាន ថែមទាំងមិនបានចាក់ទឹកស្រោចថ្នល់ បណ្តាលឲ្យហ៊ុយជារាល់ថ្ងៃ ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ការបិទផ្លូវនេះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែរសាលាឃុំស្វាយ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋបានរៀបរាប់ថា៖ ឡានដឹងដីទាំងនេះជារបស់ក្រុមហ៊ុនចិន ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុនទេ! ដឹកដីចេញពីចំណុចភូមិពោធិរិទ្ធិក្រៃ កន្លែងពុះដីឡូអ៊ីណូ ដឹកឆ្លងកាត់ ដោយថ្ងៃខ្លះស្រោចទឹកមិនដិតដល់ ហើយថ្ងៃខ្លះមិនស្រោចក៏មាន ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិស្វាយផ្អែម  ភូមិជន្លាត់ដៃ ភូមិថ្មី និងភូមិពោធិរិទ្ធិក្រៃ និងដឹកដីក្នុង១ថ្ងៃរាប់រយឡាន ទាំងយប់ទាំងថ្ងៃ បើកលឿនៗ មិនខ្វល់ពីសុវត្ថិភាព របស់ប្រជាពលរដ្ឋឡើយ ជាពិសេសនៅទីប្រជុំជន សាលារៀន។ល។

ពួកគាត់បន្តទៀតថា៖ការបិទផ្លូវនេះជាលើកទី២ហើយ ក្នុងនោះមិនឃើញមានអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ ឬមានដំណោះស្រាយអ្វីឡើយជូនពួកគាត់ ដូចនេះហើយទើបសម្រេចចិត្តដាក់បារ៉ាស់បិទផ្លូវម្តងទៀត។

ទាំងនេះជាការលើកឡើងពីកង្វល់របស់ប្រជាពលរដ្ឋ ដោយឡែក លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្កីមានជ័យបានឲ្យហង្សមាស ដឹងនារសៀលថ្ងៃទី២៤ ខែកុម្ភៈ តាមប្រព័ន្ធតេឡេក្រាមថា ៖ ពាក់ព័ន្ធករណីនេះលោក បានទទួលព័ត៌មានហើយ និងចាត់ឲ្យលោកអភិបាលរងស្រុកដឹកនាំកម្លាំងចុះទៅណែនាំពួកគាត់ មិនឲ្យដឹកដីប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋយើងទេ ធ្វើយ៉ាងណាឲ្យស្របតាមលក្ខណៈបច្ចេកទេស និងកំណត់ពេលវេលាឲ្យបានសមរម្យត្រឹមត្រូវ។ ប្រសិនណាជាក្រុមឡានដឹកដីទាំងនោះ ធ្វើសកម្មភាពមិនគោរពតាមការណែនាំនេះ និងធ្វើការព្រមាន។

ទោះជាមានការបញ្ជាក់ពីលោកអភិបាលស្រុកដូចនេះក្តី លោក មឹស ភាព មេភូមិស្វាយផ្អែម និងប្រជាពលរដ្ឋដ៏ទៃទៀត សំណូមពរក្រុមហ៊ុនឡានដឹកដីស្រោចទឹកឲ្យបានច្រើន កុំឲ្យប៉ះពាល់មុខរបរទទួលទាន របស់ប្រជាពលរដ្ឋ និងសិស្សសាលា កូនចៅពួកគាត់ទៅរៀនរាល់ថ្ងៃគ្រាន់តែខាកមកសុទ្ធតែស្លេះ និងធូលីដី ហើយជាពិសេសបញ្ឈប់ការដឹកជញ្ជូន ដល់យប់ជ្រៅ រំខានដល់ការសម្រាក នាំឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ៕