បេសកជនពិសេស UN៖ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ

4

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការមុតមាំដើម្បីដោះស្រាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនរបស់ប្រទេសនេះ។

លោកស្រី​ Christine Schraner Burgener បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំតាមអនឡាញនៃគណៈកម្មាធិការទីបីនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលដោះស្រាយបញ្ហាសិទ្ធិមនុស្ស។

លោកស្រីបាននិយាយថាការបង្រ្កាបដោយយោធាទៅលើប្រជាពលរដ្ឋនៅតែបន្តចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ហើយចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌បានកើនឡើងដល់ ៣ លាននាក់។

លោកស្រី Schraner Burgener បាននិយាយថាចំនួនអ្នកស្លាប់និងរបួសកំពុងកើនឡើងខណៈអំពើហឹង្សាកាន់តែខ្លាំងឡើងបន្ទាប់ពីការអំពាវនាវរបស់កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីខែមុនដើម្បីបះបោរប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។

លោកស្រីបាននិយាយថា “ស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយសុទិដ្ឋិនិយមសម្រាប់ដំណោះស្រាយឆាប់រហ័សណាមួយកំពុងធ្លាក់ចុះ”។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងស្វែងរកការសម្រុះសម្រួលរវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​បាន​ជាប់គាំង៕