Facebook ផ្តល់ហិរញ្ញប្បទានចំនួន 100 លានដុល្លារដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលរងគ្រោះដោយវិបត្តិ COVID-19

13

ក្រុមហ៊ុនហ្វេសប៊ុកនៅថ្ងៃច័ន្ទទី ៣០ ខែមីនា បានសន្យាផ្តល់ហិរញ្ញប្បទាន 100 លានដុល្លារនិងការចំណាយលើការផ្សព្វផ្សាយ ដើម្បីគាំទ្រអង្គភាពព័ត៌មានរួមទាំងក្រុមហ៊ុនបោះពុម្ពផ្សាយក្នុងស្រុកនៅសហរដ្ឋអាមេរិកដែលកំពុងរងសម្ពាធពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

ក្រុមហ៊ុនផ្សាយព័ត៌មានជាពិសេសក្រុមហ៊ុនបោះពុម្ភ បានយកចិត្តទុកដាក់ដោយសារក្រុមហ៊ុនផ្សព្វផ្សាយ ជាច្រើនទាញថវិកាទីផ្សាររបស់ពួកគេដើម្បីទប់ទល់នឹងថ្លៃដើមដោយសារតែភាពមិនប្រាកដប្រជាទាក់ទងនឹងវីរុស។

កាសែត L’Osservatore Romano ដែលមានអាយុកាល 160 ឆ្នាំរបស់ Vatican ដែលបានផ្អាកការបោះពុម្ពកាលពីសប្តាហ៍មុនគឺជាកាសែតចុងក្រោយបង្អស់ក្នុងចំណោមក្រុមហ៊ុនបោះពុម្ភផ្សាយមួយចំនួនដែលតស៊ូក្នុងប្រតិបត្តិការក្នុងលក្ខខណ្ឌសុវត្ថិភាពបន្ទាប់ពីការផ្ទុះឡើងនៃកូរ៉ូណាវីរុស។

ប្រភពដដែលបានបន្តថាជំនួយរបស់ក្រុមហ៊ុនហ្វេសប៊ុករួមមានថវិកាចំនួន 25 លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិង 75 លានដុល្លារសម្រាប់ចំណាយលើទីផ្សារសម្រាប់ស្ថាប័នព័ត៌មានទូទាំងពិភពលោក។

បណ្តាញសង្គមនិយាយថាជុំដំបូងនៃជំនួយរបស់ខ្លួនបានទៅដល់ស្ថាប័នព័ត៌មាននានាក្នុងស្រុកចំនួន 50 នៅសហរដ្ឋអាមេរិកនិងកាណាដា៕