ក្រុមហ៊ុនអេបផល ចេញមុខសុំទោសចំពោះការធ្វើអោយទូរស័ព្ទដៃអាយហ្វូន (iPhone) ម៉ូឌែលចាស់ៗមួយចំនួនដើរយឺត

85

ក្រុមហ៊ុនអេបផល (Apple) ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃអាយហ្វូន (iPhone) បានចេញមុខធ្វើការសុំទោសជាសាធារណៈបន្ទាប់ពីប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបានទទួលស្គាល់ថាក្រុមហ៊ុនខ្លួនពិតជាបានធ្វើអោយទូរស័ព្ទដៃអាយហ្វូន (iPhone) ម៉ូឌែលចាស់ៗមួយចំនួនដើរយឺតដោយចេតនាប្រាកដមែន។

ក្រុមហ៊ុនអេបផល (Apple) បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើអោយទូរស័ព្ទអាយហ្វូន (iPhone) ម៉ូឌែលចាស់ៗមួយចំនួនដើរយឺតមែនដើម្បីជួយធ្វើអោយទូរស័ព្ទអាយហ្វូន (iPhone) ម៉ូឌែលចាស់ៗទាំងនោះអាចនៅប្រើប្រាស់បានយូរតទៅទៀតខណៈដែលថ្មមានអាយុកាលប្រើប្រាស់ច្រើនឆ្នាំមកហើយនោះ។

ក្រុមហ៊ុនអេបផល (Apple) បាននិយាយថា ខ្លួននឹងលក់ថ្មថ្មីទៅអោយអ្នកប្រើប្រាស់ទូរស័ព្ទដៃអាយហ្វូន (iPhone) ម៉ូឌែលចាស់ៗទាំងនោះក្នុងតំលៃថោកជាងលើកមុន ហើយនឹងបញ្ចេញកម្មវិធីដើម្បីអោយអ្នកប្រើប្រាស់អាចអាប់ដេតដាក់ក្នុងទូរស័ព្ទរបស់ពួកគេក្នុងឆ្នាំ២០១៨ដើម្បីតាមដានមើលសមត្ថភាពថ្មរបស់ទូរស័ព្ទ។

ម៉ូឌែលទូរស័ព្ទអាយហ្វូន (iPhone) ដែលរងផលប៉ះពាល់រួមមានអាយហ្វូនស៊ីក (iPhone 6) និង អាយហ្វូនស៊ីកអេស (iPhone 6s)។ អ្នកប្រើប្រាស់ទូរស័ព្ទដៃអាយហ្វូន (iPhone) មួយចំនួនបានសង្ស័យយូរមកហើយថា ក្រុមហ៊ុនអេបផល (Apple) បានធ្វើអោយទូរស័ព្ទដៃអាយហ្វូន (iPhone) ម៉ូឌែលចាស់ៗដើរយឺតដើម្បីជំរុញអោយពួកគេទិញទូរស័ព្ទអាយហ្វូន (iPhone) ម៉ូឌែលថ្មីៗ៕