CATA ថាកម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ

34

ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍ថា កម្ពុជានឹងឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២លាននាក់នៅចុងឆ្នាំនេះ ក្រោយកំណើនភ្ញៀវទេសចរចិន បានបង្ហាញសញ្ញាកើនឡើង១២% ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអោយទូរទស្សន៍រស្មីហង្សមាស ដឹងថា ដើម្បីសម្រេចបាននូវគោលដៅទេសចរ ២លាននាក់នាចុងឆ្នាំនេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ បាននឹងកំពុងបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិ។ លោកជំទាវបន្តថា ជាក់ស្តែងនាពេលថ្មីនេះ ទីភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ បានសហការគ្នា រៀបចំនូវពិព័រណ៍ទេសចរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាលក្ខណៈកញ្ចប់តាមរយៈប្រតិបត្តិករទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក អោយចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរមកកម្សន្តនូវកម្ពុជាបន្ថែម។

លោកជំទាវបន្ថែមថា ក្រៅពីតំបន់អង្គរ ដែលជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរបរទេស បច្ចុប្បន្ន ក្រសួង និងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងអភិរក្ស និងបន្តផ្សព្វផ្សាយពីតំបន់មាត់ឆ្នេរ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកទស្សនាបន្ថែម ខណៈបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរជាងកន្លះលាននាក់ បានទៅទស្សនានៅតំបន់ឆ្នេរ ដែលស្មើនឹង៣ទៅ៤ដងនៃតំបន់ទេសចរណ៍ផ្សេងៗ ។

លោកជំទាវបញ្ជាក់ថា យើងត្រូវមានផែនការមេមួយសម្រាប់អភិវឌ្ឍន៍តំបន់ឆ្នេរ ដើម្បីធានាលើការអភិវឌ្ឍ និងរក្សាបាននូវចំណុចល្អៗ ដែលយើងគួរមានការអភិវឌ្ឍ ដូចជារៀបចំអោយមាននូវបដិសណ្ឋារកចិ្ចល្អ គឺការស្នាក់នៅ ហូបចុក និងបន្ថែមសេវាកម្មកម្សាន្តអោយច្រើនជាដើម។

គួរបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរចិន ២លាននាក់នេះ ត្រូវបានក្រសួងទេសចរណ៍ ព្យាករណ៍ថា នឹងនាំចំណូលសរុបប្រមាណជា ៥ ពាន់លានដុល្លារ ដល់កម្ពុជា និង បង្កើតឱកាសការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋធ្វើប្រមាណជាជិត ១ លាន នាក់ ផងដែរ៕