ត្រសក់រាប់តោនត្រូវបានពលរដ្ឋដឹកចាក់ចោលដោយសារគ្មានអ្នកទិញ

69

ត្រសក់រាប់តោននៅបាត់ដំបងត្រូវបានពលរដ្ឋដឹកចាក់ចោលដោយសារប្រមូលផលបានគ្មានទីផ្សារលក់ ឬលក់បានតម្លៃថោកពេក។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាភោគផល​​ផ្លែ​ត្រសក់របស់លរដ្ឋ​ដែល​រស់នៅ​លើ​ទីទួល​ប្រាសាទ​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​តា​គី ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​ចាក់ចោល​ដូច​សម្រាម​ទាំង​ឡានៗ​បន្ទាប់​ពី​ ពួក​គាត់​ខំប្រឹង​ដាំ​ដុះ​អស់​រយៈពេល​រាប់​ខែ​ តែ​ពេល​ប្រមូល​ផល​​ គ្មាន​ទីផ្សារ​​​គ្មាន​អ្នកទិញ។

​ការចុះផ្សាយដដែលបន្តថាប្រជាពលរដ្ឋនៅទីនោះពឹងផ្អែកលើ​មុខរបរ​ដាំ​ដំណាំ​ទៅ​តាម​រដូវ​ ហើយ សព្វថ្ងៃ​ក្រៅពី​មុខរបរ​ធ្វើស្រែ​ គឺ​ពួក​គាត់​តែងតែ​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេងៗ​ ទៅ​តាម​រដូវ​ ដូច​ជា​ ខាត់ណា​ ម្រះ​ និង​ ត្រសក់​ជាដើម​ដើម្បី​ទប់ទល់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។​

​ការចុះផ្សាយដដែលបន្តថាដោយឡែក​នៅ​ឆ្នាំ​នេះ​ប្រជា​កសិករ​ ដែល​នៅ​លើ​ទួល​ប្រាសាទ​ ភាគច្រើន​បាន​ប្រកប​មុខរបរ​ដាំ​ដំណាំ​ត្រសក់​ដែល​ធ្វើ​អោយ​ដំណាំ​នេះ​មានការ ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ស្ទើរតែ​គ្មាន​ទីផ្សារ​ ដោយសារ​តែ​ការ​ប្រមូល​ផល​មាន​គ្រប់​ទីកន្លែង​ ហើយ​ព្រមៗ​គ្នា​ ដូច្នេះ​ទើប​ធ្វើ​អោយ​ផ្លែ​ត្រសក់​គ្មាន​តម្លៃ​ ។​

​ការចុះផ្សាយដដែលបន្តថានៅលើ​ទីផ្សារ​ត្រសក់​អាច​ចុះ​រហូត​ដល់​៣០០​ រៀល​ ក្នុង​១​គីឡូក្រាម​ ហើយ​ក្នុង​តម្លៃ​នេះ​ស្ទើរតែ​រក​អ្នកទិញ​មិន​មាន​ ព្រោះ​ងាក​ទៅ​ខាង​ណា​ក៏​ឃើញ​ត្រសក់​ដែរ​ វា​ច្រើន​ពេក​​ ដូច្នេះ​ទើប​តម្រូវ​អោយ​អ្នកខ្លះ​សម្រេចចិត្ត​ដឹក​យក​ទៅ​ចាក់ចោល​ ដោយសារ​តែ​គ្មាន​ទីផ្សារ​៕