ការវិនិយោគដោយផ្ទាល់ពីបរទេស វិស័យសំណង់មានកំណើនខ្ពស់ជាងគេ

65

ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨៖ អ្នកសេដ្ឋកិច្ចអះអាងថាការវិនិយោគដោយផ្ទាល់ពីបរទេស វិស័យសំណង់មានកំណើនខ្ពស់ជាងគេ ដោយទុនវិនិយោគក្នុងវិស័យនេះ កើនដល់ជាង២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០១៨។លោក តេង ឌឺឡុច អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានអោយដឹងនាថ្ងៃទី១៥ ខែសីហានេះថា ការកើនឡើងពីវិស័យសំណង់ក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងអោយឃើញពីការរីកចម្រើននៃកំណើនសេដ្ឋកិច្ចជាតិដោយកម្ពុជាអាចទទួលបាននូវផលចំណេញច្រើនពីការកើនឡើងនេះ។

លោកបញ្ជាក់ថាកម្ពុជានឹងទទួលបានផលចំណេញច្រើនពីការវិនិយោគដោយផ្ទាល់ពីបរទេស ដូចជាការបង្កើតការងារដល់ប្រជាពលរដ្ឋ បង្កើតការប្រកួតប្រជែង បង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ តាមរយៈការប្រមូលពន្ធជាដើម។លោកបន្តថាបើទោះបីជាសំណង់អគារខ្ពស់មានការកើនឡើងក៏ដោយ ក៏លោកយល់ឃើញថាកម្ពុជាត្រូវបង្កើនការវិនិយោគសំណង់អគារបន្ថែមផងដែរ ដើម្បីត្រៀមឆ្លើយតបទៅនឹងការប្រែប្រួលជាសាកលនៃសេដ្ឋកិច្ចពិភពលោក។ ហើយដើម្បីបន្តទាក់ទាញនូវការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែម កម្ពុជាគួរផ្តល់នូវបរិយាកាសវិនិយោគអោយមានភាពល្អប្រសើរតាមរយៈការពង្រឹងច្បាប់វិនិយោគឲ្យមានតម្លាភាព និងសុក្រឹតភាព។
បើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដីបានបង្ហាញថាវិស័យអចលនទ្រព្យរបស់កម្ពុជានៅតែជាវិស័យអទិភាពខ្ពស់ក្នុងការទាក់ទាញក្រុមវិនិយោគបរទេស ពីបណ្ដាប្រទេសអាស៊ីភាគច្រើន រួមមានប្រទេសចិនដីគោក ទីក្រុងហុងកុង សិង្ហបុរី តៃវ៉ាន់ កូរ៉េ និងម៉ាឡេស៊ីជាដើម ដោយក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រសួងបានអនុម័តគម្រោងសំណង់ប្រមាណ១ពាន់គម្រោង ជាមួយនឹងទីតាំងសរុបទំហំ ៥,៣ ម៉ែត្រក្រឡា។ គួរបញ្ជាក់ថាដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសមកកម្ពុជា កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជា បានចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) រយៈពេល ១០ ឆ្នាំ ដែលបញ្ជាក់ពីយុទ្ធសាស្ដ្រក្នុងការពង្រីកមូលដ្ឋានឧស្សាហកម្មដ៏តូចចង្អៀតរបស់ប្រទេសកម្ពុជា ឲ្យហួសពីវិស័យកាត់ដេរ និងការនាំចេញអង្ករ ក្នុងគោលបំណងទាក់ទាញ FDI កាន់តែច្រើន៕