គុជខ្យងទឹកសាបធំបំផុតលើពិភពលោកមានតម្លៃ 374,000 ដុល្លារអាមេរិក

136

ក្រុមហ៊ុនលក់ដេញថ្លៃ Venduehuis បាននិយាយថាគុជខ្យងទឹកសាបធំបំផុតលើពិភពលោកធ្លាប់ជាកម្មសិទ្ធិរបស់ព្រះនាង Catherine ត្រូវបានលក់កាលពីថ្ងៃព្រហស្បតិ៍ទី​ 31 ខែឧសភានៅប្រទេសហូឡង់ក្នុងតម្លៃ 320,000 អឺរ៉ូ (374,000 ដុល្លារអាមេរិក)។

វាត្រូវបានគេស្គាល់ថាជាគុជតោដេកដោយសារតែរូបរាងចំឡែករបស់វា គុជខ្យងទំនងជាត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សទី18 នៅក្នុងដែនទឹកប្រទេសចិន ដែលអាចធ្វើទៅបាននៅទន្លេ Zhujiang ឬPearl River។អ្នកដេញថ្លៃបាននិយាយថាគ្រឿងអលង្ការនេះមានទំងន់ 120 ក្រាម និងមានប្រវែងជិត 7 សង់ទីម៉ែត្រ ធ្វើឱ្យវាក្លាយជាគុជខ្យងមួយក្នុងចំណោមគុជខ្យងធំជាងគេទាំងបីដែលគេស្គាល់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

គុជខ្យងដែលត្រូវបានទិញដោយឈ្មួញជប៉ុនម្នាក់ក្នុងតម្លៃ 320,000អឺរ៉ូ ត្រូវបានវាយតម្លៃ ដល់ 340,000 អឺរ៉ូ និង 540,000 អឺរ៉ូ។

ប្រហែលឆ្នាំ 1765 គុជខ្យងត្រូវបានដឹកជញ្ជូនទៅ Batavia ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជារដ្ឋធានីហ្សាកាតាដោយឈ្មួញជនជាតិហូឡង់មកពីក្រុមហ៊ុន the United East Indies ។ វាបានក្លាយជាកម្មសិទ្ធិរបស់គណនេយ្យករក្រុមហ៊ុន លោក Hendrik Coenraad Sander។ក្រុមហ៊ុនលក់ដេញថ្លៃបាននិយាយថា “បន្ទាប់ពីលោក Sander បានស្លាប់បាត់ទៅ គុជខ្យងត្រូវបានលក់ដេញថ្លៃនៅទីក្រុងអាមស្ទើដាមនៅឆ្នាំ 1778 ហើយបានទិញដោយព្រះនាង Catherine នៃប្រទេសរុស្ស៊ី”។

ព្រះនាង Catherine បានដាក់តាំងគុជខ្យងក្នុងសារមន្ទីរ Hermitage នៅទីក្រុង St Petersburg រហូតដល់ឆ្នាំ 1796។ ក្នុងឆ្នាំដែលមានភាពចលាចលបន្ទាប់ពីការសុគតរបស់ព្រះនាង គុជខ្យងបានបាត់ហើយទីបំផុតបានលេចឡើងម្ដងទៀតនៅក្នុងប្រទេសប៉ូឡូញ។អ្នកដេញថ្លៃបាននិយាយថាបន្ទាប់ពីការផ្សងព្រេងអស់ពេលជាច្រើន វាត្រូវបានទិញដោយជាងមាសសញ្ជាតិហូឡង់នៅឆ្នាំ 1865 និងនៅតែបន្តស្ថិតនៅក្នុងគ្រួសាររបស់គាត់អស់រយៈពេល 4 ជំនាន់ មុនពេល “សមាគមគុជខ្យងអាមស្ទើដាមទិញគុជខ្យងនៅឆ្នាំ 1979 ក្នុងគោលបំណងស្រាវជ្រាវនិងតាមដានប្រវត្តិសាស្រ្តរបស់វា”៕