ម្ចាស់ស្នាដៃគំនូរឈុតសម្លៀកបំពាក់តំណាងជាតិខ្មែរបង្ហើបពីយុទ្ធសាស្រ្តច្នៃម៉ូដ

676

គំនូរឈុតសម្លៀកបំពាក់តំណាងជាតិខ្មែរជាច្រើនសន្លឹកត្រូវបានបង្ហោះនៅលើគណនីឈ្មោះ Nara Feshion និងត្រូវបានចែកចាយបន្តគ្នាយ៉ាងគគ្រឹកគគ្រេងនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលថ្មីៗនេះ។ ម៉ូតទាំងនេះ គឺជា គំនិតច្នៃប្រឌិតរបស់យុវជនម្នាក់មកពីស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដែលមានឈ្មោះពិតថា រិទ្ធ ធារ៉ា ។  សព្វថ្ងៃ ប្អូនប្រុសទើបតែមានអាយុ២៥ឆ្នាំ កំពុងរស់នៅភូមិរ៉ា ឃុំមោង​ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង  ហើយក៏ជាអតីតសិស្សឯកទេសគំនូរនៃអង្គការហ្វារពន្លឺសិល្បៈដ៏ល្បីល្បាញប្រចាំក្រុងបាត់ដំបង ផងដែរ។

ម្ចាស់គណនី Nara Feshion រូបនេះបានរៀបរាប់អំពីប្រវត្តិនៃវិថីសិល្បៈរបស់គេថា  ខ្ញុំមានទេពកោសល្យ ពីកំណើត ហើយចេះគូរគំនូរតាំងពីនៅតូចៗម្ល៉េះ ខ្ទង់អាយុ៦៧ឆ្នាំ។ ទើបតែអាយុប្រហែល២៣២៤ឆ្នាំទើបបានចូល រៀនគំនូរនៅសមាគម PHARE ខេត្តបាត់ដំបង។”  យុវជនរូបនេះបានបញ្ជាក់ទៀតថា កាលពីពេលនៅរៀនថ្នាក់ បឋមសិក្សា និង​ វិទ្យាល័យ គេតែងតែត្រូវបានគ្រូប្រចាំថ្នាក់ចាត់ឲ្យគូររូបគំនូរបែបអប់រំដកស្រង់ចេញពីសៀវភៅ ពុម្ព និង ពាក្យស្លោកឬសុភាសិតនានា ដើម្បីតុបតែងលម្អថ្នាក់រៀន។ អ្វីដែលកាន់តែពិសេសគឺ ធារ៉ាធ្លាប់ប្រលងជាប់ជ័យ លាភីលេខ១តំណាងវិទ្យាល័យមោងប្ញស្សី ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃគំនូរក្រោមប្រធានបទ “សុវត្ថិភាពចរាចរណ៍” ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា។

ឆ្លើយតបនឹងចម្ងល់របស់មហាជនទាំងឡាយ ម្ចាស់វណ្ណកម្មគំនូរខាងលើបានបង្ហើបពីយុទ្ធសាស្រ្តច្នៃម៉ូដ សម្លៀកបំពាក់តំណាងជាតិដ៏គួរឲ្យទាក់ទាញនាពេលកន្លងមកថា “ចំពោះវិធីសាស្រ្តការពារកុំឲ្យការច្នៃម៉ូដជាន់នឹង ប្រទេសគេផ្សេង គឺទីមួយ មុនគូសឈុតត្រូវមើលថា ឈុតដែលយើងគូរហ្នឹងមានគេធ្លាប់គូរឬនៅ។ ទីពីរ ព្យាយាមធ្វើ  យ៉ាងណាឲ្យមានលក្ខណៈបែបខ្មែរ ចៀសវាងការចម្លងម៉ូដគេមក។ ​[…] ឈុតនីមួយៗគូសចេញពីគំនិតច្នៃប្រឌិតខ្លួនឯង លាយបញ្ចូលជាមួយនឹងក្បាច់ចម្លាក់ខ្មែរ ហើយចំពោះឈ្មោះឈុតគឺយកចេញពីឈ្មោះទីតាំងប្រាសាទបុរាណ ឧបករណ៍ភ្លេង និង វត្ថុប្រើប្រាស់របស់ខ្មែរ។

គោលបំណងធំបំផុតរបស់ប្អូនក្នុងការងារវិចិត្រកម្មនេះ គឺចង់ឲ្យប្រជាពលរដ្ឋខ្មែរទូទៅនិងពិភពលោកទាំងមូល បានឃើញពីម៉ូដសម្លៀកបំពាក់់ច្នៃប្រឌិតរបស់កម្ពុជាពិតៗ និង ចង់ឲ្យកុលបុត្រខ្មែរស្គាល់ពីឈ្មោះទីកន្លែង ឧបករណ៍ ប្រើប្រាស់បែបប្រពៃណី និង និមិត្តរូបតំណាងជាតិខ្មែរផ្សេងៗ។ ទន្ទឹមនឹងនេះ ធារ៉ាកំពុងមានគម្រោងចង់ប្រែក្លាយ រូបគំនូរដែលគេធ្វើរួចទាំងអស់នោះឲ្យទៅជាឈុតសម្លៀកបំពាក់ពិតៗសម្រាប់បង្ហាញទៅកាន់សាធារណជន និង ចង់ រៀបចំចងក្រងឈុតសម្លៀកបំពាក់ខ្មែរទៅតាមសម័យកាលនៃប្រវត្តិសាស្រ្តថែមទៀតផង ប៉ុន្តែរូបគេត្រូវចំណាយពេល ដើម្បីសិក្សាស្រាវជ្រាវបន្ថែមអំពីវាឲ្យបានល្អិតល្អន់ជាមុនសិន។

គួរបញ្ជាក់ផងដែរថា កន្លងមកធារ៉ាបានច្នៃឈុតសម្លៀកបំពាក់តំណាងជាតិខ្មែរបានប្រមាណ២០ឈុតហើយ ជាអាទិ៍ ឈុតគោព្រៃ ឈុតម្ចាស់ទន្លេមេគង្គ ឈុតព្យញ្ជនៈខ្មែរទាំង៣៣តួ ឈុតមណីមេខឡា ឈុតរាមសូរ ឈុតព្រះ ភូមិ ឈុតដំរីក្បាលបីកណ្តឹងសាមពាន់ ឈុតព្រះមេរុបរមរតនកោដ្ឋ ឈុតអន្សមខ្មែរ និង ឈុតជាច្រើនទៀត៕