ប្រវត្តិសង្ខេប “វត្តពោធិ៍” ក្នុងបទចម្រៀង “ម្លប់ដូងទី១០” របស់កវីគង្គ ប៊ុនឈឿន

273

ប្រិយមិត្តអ្នកស្តាប់បទចម្រៀងមរតកដើមរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្គាល់ជាច្បាស់ បទចម្រៀងដ៏ល្បីល្បាញមួយបទដែលមានចំណងជើងថា “ម្លប់ដូងទី១០” ដែលបានប្រសូតចេញពីចុង​ស្លាប ប៉ាកការបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក្នុងឆ្នាំ១៩៦៩ និងថតផ្សាយក្នុងឆ្នាំ១៩៧២។ នៅក្នុងទំនុក ច្រៀង លោកបានរំលេចអត្ថន័យថា “មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ៍ លាយនឹងជំនោរថ្ងួចថ្ងូរ ផ្តាំទឹកជំនន់ រៃយំទ្រហឹង លាស្ទឹងកវីនិពន្ធ សូរិយាទោរទន់ ពួនក្រោយផ្ទះស្រី […] ”។ តើ “វត្តពោធិ៍” ត្រង់ កន្លែងនេះសំដៅដល់វត្តមួយណានៃប្រទេសកម្ពុជា? ហើយវត្តនោះមានសាវតារយ៉ាងដូចម្តេចខ្លះ?

បើតាមឯកសារសៀវភៅ “កំណាព្យស្នេហ៍មាស​” (២០០១) របស់អ្នកនិពន្ធផ្ទាល់ វត្តពោធិ៍ក្នុងបទ ចម្រៀងនេះសំដៅដល់អារាមសាសនាមួយស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល​មានឈ្មោះជាផ្លូវការថា វត្តពោធិ៍វាល។ វត្តនេះស្ថិតនៅត្រើយខាងកើតស្ទឹងសង្កែ ចំទល់មុខផ្សារធំបាត់ដំបង (ផ្សារណាត់ ទីរួមខេត្ត) ដែលពីមុនមកមានកំពង់ចម្លងទៅមក អ្នកស្រុកហៅថា កំពង់ចម្លងវត្តពោធិ៍វាល។

យោងតាមឯកសារប្រវត្តិវត្តដែលរៀបរៀងចងក្រងដោយអតីតព្រះចៅអធិការ អ៊ីវ ទួត វត្តនេះកាលពី មុនឆ្នាំ១៩៧៥ ស្ថិតក្នុងភូមិសាស្រ្តឃុំវត្តសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយត្រូវបានកសាងនៅខែពិសាខ ឆ្នាំខាល សំរិទ្ធស័ក ពុទ្ធសករាជ ២៣៦១ ត្រូវនឹងគ្រិស្តសករាជ ១៨១៨ ក្នុងរជ្ជកាលសម្តេចព្រះឧទ័យរាជា ធិរាជម្ចាស់អង្គច័ន្ទ ដែលមានលោកអភ័យទីបេស រស់ ជាចៅហ្វាយស្រុក។ បានជាគេដាក់ឈ្មោះថាជា វត្តពោធិ៍វាលដូចនេះព្រោះ ទីដីវត្តជាទួលមានវាលស្រែជុំវិញ  មានពោធិ៍មួយដើមធំនៅខាងលិចទួលដែល មានវ័យចំណាស់គ្មានអ្នកណាកើតទាន់ក្នុងគ្រានោះ។ ដីស្រែទួលនោះជាកម្មសិទ្ធិរបស់គុជ្ជស័ក្យសូរ ហើយ លោកជាអ្នកដែលផ្តួចផ្តើមគំនិតកសាងវត្តនេះឡើងក្រោយការជីករកឃើញពុទ្ធបដិមានិងសន្លឹកសីមាពីក្នុងដី ​តាមការប្រាប់ហេតុភេទចម្លែកពីលោកភូវាំងកែ និង យាយពត ដែលធ្វើស្រែនៅត្បូងទួលនោះ។

ចំពោះប្រវត្តិនៃការកសាងវិហារបច្ចុប្បន្នវិញ វិហារនេះចាប់ផ្តើមកសាងពីព.ស. ២៤៩២ (១៩៥១) រហូតដល់ព.ស.២៥០២ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលមានព្រះមុនីកោសល អ៊ីវ​​ ទួត ជាជារាគណៈ មេគណខែត្រ និង អ្នកឧកញ៉ារាជប្រតិភូ ផូរ ព្រឿង កាន់កាប់ទីរួមខែត្របាត់ដំបង។ ព្រះមហាវីរ ក្សត្រ ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ៦០០០០ រៀលសម័យនោះ ហើយការកសាងសរុបត្រូវចំណាយអស់​៤០០៧០៨៤រៀល ដែលមាន លោក តឹង រឿត ជាស្ថាបត្យករ។ បើគិតមកដល់សព្វថ្ងៃ វត្តនេះមានអាយុកាល ២០០ឆ្នាំគត់ ហើយវិហារសព្វថ្ងៃមានអាយុកាលជិត៧០ឆ្នាំហើយ។ ក្រៅពីវិហារកម្ពស់ពីរជាន់ដ៏ស្កឹមស្កៃ វត្តនេះសំបូរទៅដោយសំណង់អគារបេតិកភ័ណ្ឌបន្សល់ទុកពីសម័យអាណានិគមបារាំងជាច្រើនផងដែរ៕