ADB ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងផ្តល់​ហិរញ្ញប្បទានដល់កម្ពុជា ដែលមានទឹកប្រាក់​សរុប​​ប្រមាណ ១៨០លានដុល្លារ​

36

នៅថ្ងៃទី០៩ មករា​ ឆ្នាំ២០១៨ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោក Samiuela T. Tukuafu នាយក​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទានសហប្រតិបត្តិការ​សម្រាប់​គម្រោង​ចំនួន ០៣ ដែលមានទឹកប្រាក់​សរុប​​ប្រមាណ ១៨០លានដុល្លារ​អាមេរិក រួមមាន ទី១.គម្រោងកែលម្អ​បណ្តាញ​ផ្លូវជាតិ, ទី២.គម្រោងកាត់​បន្ថយ​ភាព​​​ក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម​ខ្នាត​តូចនៅតំបន់ទន្លេសាប (ហិរញ្ញប្បទានបន្ថែម), និងទី៣.គម្រោង​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត។

១-គម្រោងកែលម្អបណ្តាញផ្លូវជាតិ គ្រោងចំណាយថវិកាសរុបចំនួនប្រមាណ​ ៧៦,៩៤លាន​ដុល្លារ​អាមេរិកសម្រាប់​កែ​លម្អ​​កំណាត់​ផ្លូវជាតិ​លេខ១ និងលេខ​៦ ប្រវែងប្រមាណ ១៤៧គ.ម ក្នុង​គោលដៅចូលរួម​សម្រេច គោលនយោបាយអភិវឌ្ឍន៍វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​គមនា​គមន៍​ដឹក​ជញ្ជូន ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងទ្រទ្រង់​ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង។​

២-គម្រោង​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត គ្រោង​ចំណាយ​ថវិកាសរុប​ប្រមាណ​ ១១៩​លាន​ដុល្លារអាមេរិក​ ក្នុងនោះ មានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ១០លាន​ដុល្លារ​អាមេរិក​ (មូលនិធិ​ជប៉ុន​សម្រាប់យន្តការ​ផ្តល់ឥណទានរួមគ្នា) សម្រាប់​បង្កើនការផ្តល់​សេវា​កម្ម​ទឹកស្អាត និងអនាម័យជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីប្រជុំជន និងក្រុង​ នៅ​ក្នុងខេត្ត​បាត់ដំបង, កំពង់ចាម, ព្រះសីហនុ និងសៀមរាប ដើម្បី​ចូល​រួម​​សម្រេច យុទ្ធសាស្ត្រជាតិស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៤-២០២៥ ។

៣-គម្រោងកាត់​បន្ថយ​ភាព​​​ក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម​ខ្នាត​តូចនៅតំបន់ទន្លេសាប (ហិរញ្ញ​ប្បទានបន្ថែម) គ្រោងចំណាយថវិកាសរុបចំនួនប្រមាណ​ ៦៦លានដុល្លារអាមេរិក សម្រាប់កែលម្អ​លក្ខខណ្ខ​សេដ្ឋកិច្ច-សង្គម​ និង​ការរស់នៅ​របស់​​កសិករខ្នាតតូ​ច​ចំនួន ៦៥ម៉ឺនគ្រួសារ ក្នុងឃុំ​គោល​​ដៅចំនួន ២៧១ នៃខេត្តចំនួន ៧ ជុំវិញបឹង​ទន្លេសាប ដើម្បីចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។​ បន្ថែមទៅនឹងគោលដៅខាងលើគម្រោងទាំង៣នេះ សុទ្ធតែមានគោលដៅរួម គឺការកាត់​បន្ថយ​ភាព​ក្រីក្រនិង លើកកម្ពស់ជីវភាពរបស់​ប្រជាជនទាំងនៅទីប្រជុំជន និងទាំងនៅជនបទ។​

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ADB បានផ្តល់​ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ២,៧៥ប៊ី​លានដុល្លារអាមេរិក​ ដោយគិតបញ្ចូលទាំង​គម្រោង​ទាំង០៣ ដែលបានចុះហត្ថលេខក្នុងថ្ងៃនេះ សម្រាប់កម្មវិធី និងគម្រោង​អភិវឌ្ឍន៍ ព្រមទាំងជំនួយបច្ចេកទេស​សម្រាប់​​កសាង​សមត្ថភាព​ស្ថាប័ន​រាជ​រដ្ឋាភិបាល ដែលក្នុង​នោះឥណទានសម្បទានមានទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ២,២៩៩ប៊ីលាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី/គម្រោង​ចំនួន​៩៨ និងហិរញ្ញប្បទាន​ឥត​​សំណង​​មាន​ទឹកប្រាក់​​សរុប​ចំនួនប្រមាណ ៤៥៥លានដុល្លារអាមេរិក សម្រាប់អនុវត្ត​កម្មវិធី/​គម្រោងចំនួន៤៩៕