អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាពីការបង្កើតរចនាសម្ព័ន្ធអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត

16

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអ្នកនាំពាក្យនៅតាមមន្ទីរអង្គភាព និងរដ្ឋបាលខេត្ត ដើម្បីបង្កើតរចនាសម្ព័ន្ធមួយក្នុងផលិតព័ត៌មាន ការសរសេព័ត៌មាន ចាក់ផ្សាយព័ត៌មានឱ្យបានរហ័ស និងត្រឹមត្រូវ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ង៉ែត ណារីន បានលើកឡើងថា ចំពោះអ្នកនាំពាក្យនៅមន្ទីរព័ត៌មានខេត្តកំពង់ធំ បានចូលរួមសហការជាមួយរដ្ឋបាលខេត្ត គ្រប់មន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍមួយចំនួន និងរដ្ឋបាលក្រុង/ស្រុកទាំង៩ ដើម្បីយកព័ត៌មានមកចាក់ផ្សាយពីការរីកចម្រើនពីសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ និងបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។

ថ្លៃងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ  បានមានប្រសាសន៍ថា វិស័យព័ត៌មានដើរតួយ៉ាងសំខាន់ ដើម្បីចង់ដឹងពីការរីកចម្រើនរបស់ខេត្តទាំងមូល ក្នុងនោះអ្នកនាំពាក្យទាំងអស់ត្រូវតែខិតខំចុះអនុវត្ត និងយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនៅតាមមូលដ្ឋាន ពិសេសក្តានុពលរបស់ខេត្តដើម្បីទទួលបាននូវភាពពិតប្រាកដ។ ចំពោះព័ត៌មានដែលបានផលិតរួចហើយ សូមក្រុមការងារទាំងអស់ជួយពិនិត្យនូវខ្លឹមសារ អក្ខរាវិរុទ្ធបានត្រឹមត្រូវ មុននឹងចាក់ផ្សាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់ងាយស្រួលក្នុងការស្ដាប់ពីខ្លឹមសារនិងអត្ថន័យមួយចំនួន ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

  1.         ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ធំ រៀបចំកន្លែងធ្វើការមួយឱ្យបានត្រឹមត្រូវ ធ្វើបច្ចុប្បន្នភាពអ្នកនាំពាក្យនៅតាមមន្ទីរនីមួយៗ ងាយស្រួលក្តាប់ឱ្យបានពីព័ត៌មានសំខាន់ៗ ត្រូវយកមកចាក់ផ្សាយឱ្យបានឆាប់រហ័ស មានតម្លាភាព ហើយក៏មិនប៉ះពាល់ដល់ថ្នាក់ដឹកនាំមួយចំនួនផងដែរ។ សូមចូលរួមអនុវត្តការងារនេះសម្រេចឱ្យបានជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីទប់ស្កាត់រាល់ព័ត៌មានដែលចេញផ្សាយមិនល្អ កំពុងកើតឡើងនៅក្នុងខេត្តកំពង់ធំ។