លោក ពូទីន នឹងជួបលោក ស៊ី ដោយផ្ទាល់នៅសប្តាហ៍ក្រោយ

7

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីផែនការជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងប្រទេសអ៊ូសបេគីស្ថាននៅសប្តាហ៍ក្រោយ។

ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ជាតិ​ចិន លោក លី ហ្សានស៊ូ។

លោក លី កំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុងវ្លាឌីវ៉ូស្តុកជាកន្លែងដែលលោក ពូទីនបានថ្លែងសុន្ទរកថា។

ការិយាល័យប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោក ពូទីន បានស្វាគមន៍មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លំដាប់ទី 3 នៅទីក្រុងប៉េកាំង ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោក លី “គូសបញ្ជាក់អំពីលក្ខណពិសេសនៃទំនាក់ទំនងរុស្ស៊ី-ចិន”។

លោក ពូទីន ក៏បានសម្តែងក្តីសង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតី ស៊ី ក្នុងពេលឆាប់ៗនេះ។

លោកបាននិយាយថា លោកនឹងជួបពិភាក្សាជាមួយលោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដែលចាប់ផ្តើមនៅថ្ងៃទី 15 ខែកញ្ញា។

លោក ពូទីន និងលោក ស៊ី បានជួបពិភាក្សាគ្នាតាមទូរសព្ទ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ប៉ុន្តែនេះជាលើកដំបូងដែលពួកគេនឹងជួបគ្នាដោយផ្ទាល់ចាប់តាំងពីថ្ងៃទី 4 ខែកុម្ភៈ។ លោកពូទីនក៏បានបង្ហាញពីផែនការដើម្បីជួបពិភាក្សាត្រីភាគីជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក អ៊ុកក្នា ឃូរីលស៊ុក នៅក្នុងកម្មវិធីមួយនៅប្រទេសអ៊ូសបេគីស្ថាន។ រដ្ឋបាល​លោកពូទីន​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង។ យោធាចិនបានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្សីដែលបានធ្វើឡើងនៅតំបន់ចុងបូព៌ារយៈពេលមួយសប្តាហ៍រហូតដល់ថ្ងៃពុធ។

ខណៈដែលរុស្ស៊ីបន្តរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អឺរ៉ុប និងសហរដ្ឋអាមេរិក វាត្រូវបានគេមើលឃើញថា ទីក្រុងមូស្គូនឹងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង៕