Chewbacca តារាសម្តែងនៃខ្សែភាពយន្ត Star Wars ទទួលមរណៈភាព

12

តារាសម្តែងដែលកើតនៅប្រទេសអង់គ្លេស លោក Peter Mayhew ដែលបានដើរតួជា Chewbacca នៅក្នុងខ្សែភាពយន្តរឿង Star Wars បានទទួលមរណៈភាពក្នុងអាយុ 74 ឆ្នាំ។

គ្រួសាររបស់គាត់បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍។

លោក​​ Mayhew កើតនៅចក្រភពអង់គ្លេសនៅឆ្នាំ 1944។ អាជីពជាអ្នកសម្ដែងរបស់គាត់បានចាប់ផ្តើមនៅក្នុងឆ្នាំ 1977។ គាត់បានសម្តែងជាដៃគូរដ៏គួរឱ្យស្រឡាញ់និងទន់ភ្លន់នៃ Han Solo នៅក្នុងរឿងសង្គ្រាមផ្កាយដំបូងដែលត្រូវបានចាក់បញ្ចាំងនៅឆ្នាំនោះ។

Chewbacca បានក្លាយជាតួអង្គដ៏មានប្រជាប្រិយនិងមានសារៈសំខាន់នៅក្នុងរឿងភាគ។ លោក​ Mayhew បានដើរតួនាទីក្នុងខ្សែភាពយន្តសង្គ្រាមផ្កាយចំនួនប្រាំរឿង។

ដោយមានកាយសម្បទាអំណោផលជាមួយកម្ពស់ជាង 2 ម៉ែត្ររបស់គាត់ គាត់បានបន្តទាក់ទាញអ្នកគាំទ្ររបស់គាត់អស់ជាច្រើនឆ្នាំមកហើយ។

សេចក្តីថ្លែងការណ៍នេះមិនបានបង្ហាញពីមូលហេតុនៃការស្លាប់នោះទេ ប៉ុន្តែបាននិយាយថាលោក Mayhew បានស្លាប់នៅក្នុងផ្ទះរបស់គាត់នៅរដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអង្គារជាមួយក្រុមគ្រួសាររបស់គាត់៕