ល្ខោនប្រពៃណីហ៊ីរបស់ចិននឹងសម្តែងជូនទស្សនាជាសាធារណៈនៅកោះពេជ្ររយៈពេល ៣ថ្ងៃ

45

ភ្នំពេញ៖ ល្ខោនប្រពៃណីហ៊ីរបស់ចិននឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈនៅ មហោស្រព កោះពេជ្ររយៈពេល៣ថ្ងៃចាប់ពីសប្ដាហ៍ក្រោយនេះដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនង មិត្តភាព កម្ពុជាចិន។បើតាមតំណាងក្រុមហ៊ុន Awesome Global Investment Group ដែលជាអ្នករៀបចំកម្មវិធីនេះ បានបញ្ជាក់ថាគោលបំណងធំនៃការរៀបចំកម្មវិធីនេះគឺដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជាចិនអោយកាន់តែមានភាពប្រសើរឡើងស្របពេលប្រទេសទាំងពីរកំពុងមានចំណងការទូតល្អ។

លោកបន្ថែមថា នៅក្នុងប្រទេសចិន ល្ខោនចិនត្រូវបានគេចាត់ទុកថាជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិនហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិនមកសម្តែងនេះគឺដោយសារល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១របស់ចិនដែលមានអាយុកាលជិត ២០០ ឆ្នាំមកហើយ ហើយល្ខោននេះក៏ត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័វប្បធម៌អរូបីរបស់ពិភពលោកផងដែរ។លោកបញ្ជាក់ថាប្រភេទនៃល្ខោនហ៊ីនេះគឺគេលេងដោយប្រើបទភ្លេងនិងវិធីសម្តែងជាកាយវិការបូកបញ្ចូលជាមួយបទចំរៀងប្រជាប្រិយមួយចំនួនដោយប្រើប្រាស់សម្លេងច្រៀងច្រើនប្រភេទ នងមានប្រើនូវ រនៀទចិន នឹង ស្គរ ជាដើម។

សូមបញ្ជាក់ថា ល្ខោនប្រពៃណីហ៊ីរបស់ចិននេះ នឹងត្រូវចូលរួមសម្តែងដោយក្រុមល្ខោន Mei Lang Fang មកពីទីក្រុងប៉េកាំង ដោយការសម្តែង នឹងចាប់ផ្តើមពីថ្ងៃទី ៨-១០ ខែវិច្ឆិកា ខាងមុខនេះ នៅមហោស្រពកោះពេជ្រ៕