មន្ត្រីអាមេរិក: ការខកខានមិនអនុវត្តតាមការសន្យាជាហេតុផលនៃការលុបចោលកិច្ចប្រជុំកុំពូល

38

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាម៉េរិកម្នាក់និយាយថាការខកខានមិនបានអនុវត្តតាមការសន្យា ដោយកូរ៉េខាងជើងបាននាំឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump លុបចោលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយលោក Kim Jong Un។

មន្ត្រីរូបនោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសទាំង 2 បានព្រមព្រៀងគ្នាធ្វើកិច្ចចរចាថ្នាក់កំពូលនៅក្នុងប្រទេសសឹង្ហបុរី ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលនេះនៅពេលដែលរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo បានទៅធ្វើទស្សនកិច្ចចុងក្រោយនៅក្រុងព្យុងយ៉ាង។ ប៉ុន្តែមន្ត្រីរូបនេះបាននិយាយថាភាគីកូរ៉េខាងជើងមិនបានបញ្ចេញប្រតិកម្មនៅឡើយ។

មន្ត្រីអាមេរិកក៏បានលើកឡើងពីការខកខានរបស់កូរ៉េខាងជើងក្នុងការអញ្ជើញអ្នកជំនាញការអន្តរជាតិឱ្យធ្វើជាសាក្សីនូវអ្វីដែលខ្លួននិយាយថាជាការរុះរើកន្លែងសាកល្បងនុយក្លេអ៊ែរបើទោះបីជាមានការសន្យាថានឹងធ្វើដូច្នេះក៏ដោយ។

មន្ត្រីរូបនោះបានចង្អុលបង្ហាញថាមានតែក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញ និងថាអវត្តមានអ្នកជំនាញបានធ្វើឱ្យមានការលំបាកក្នុងការផ្ទៀងផ្ទាត់នូវអ្វីដែលបានកើតឡើងពិតប្រាកដ។

មន្ត្រីរូបនេះបាននិយាយថាកូរ៉េខាងជើងបានបរាជ័យក្នុងការឆ្លើយតបទៅនឹងការព្យាយាមរបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតដើម្បីទាក់ទងខ្លួន។ មន្ត្រីរូបនេះបានបន្ថែមថាសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កូរ៉េខាងជើងស្តីពីការថ្លែងរបស់អនុប្រធានាធិបតីលោក Mike Pence គឺប្រមាថមាក់ងាយ។

បន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះ លោកត្រាំងបានពិគ្រោះជាមួយលោក Pence លោក Pompeo ទីប្រឹក្សាសន្តិសុខជាតិលោក John Bolton និងមន្ត្រីដទៃទៀតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ហើយបានសម្រេចចិត្តលុបចោលកិច្ចប្រជុំកំពូល បន្ទាប់មកបានសរសេរសំបុត្រទៅលោក Kim។

មន្ត្រីរូបនេះបានស្តីបន្ទោសកូរ៉េខាងជើងចំពោះការខ្វះខាតនៃភាពស្មោះត្រង់របស់ខ្លួន។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាទោះបីជាលិខិតរបស់លោក Trump បានផ្តល់នូវលទ្ធភាពនៃកិច្ចប្រជុំកំពូលនាពេលអនាគតក៏ដោយ អ្វីដែលសំខាន់នោះគឺមិនមែនជាកិច្ចប្រជុំកំពូលនោះទេប៉ុន្តែការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

មន្ត្រីរូបនេះបានបន្ថែមទៀតថាឥឡូវនេះបាល់ស្ថិតនៅក្នុងទីលានរបស់កូរ៉េខាងជើង ដោយលើកឡើងថាទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលថាតើក្រុងព្យុងយ៉ាងនឹងមានប្រតិកម្មយ៉ាងណា៕