ប្រទេសកូរ៉េខាងជើងកំពុងជម្រុញឱ្យទីក្រុងសេអ៊ូលបញ្ជូនត្រឡប់មកវិញនូវបុគ្គលិកស្ត្រីបម្រើការនៅភោជនីយដ្ឋានចំនួន 12នាក់ ដែលបានផ្តាច់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ 2016។
អ្នកនាំពាក្យសង្គមកាកបាទក្រហមរបស់កូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថាបានចាប់ជំរិតជនរួមជាតិចំនួន 12 នាក់ពីភោជនីយដ្ឋានកូរ៉េខាងជើងមួយនៅក្នុងប្រទេសចិន។
អ្នកនាំពាក្យរូបនេះបានដកស្រង់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងដែលដកស្រង់សម្តីអតីតអ្នកគ្រប់គ្រងភោជនីយដ្ឋាននេះដោយនិយាយថាគាត់បានអូសទាញបុគ្គលិកឱ្យរត់គេចខ្លួនទៅកូរ៉េខាងត្បូងនៅក្រោមការណែនាំពីសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង។ អតីតអ្នកគ្រប់គ្រងបានរត់ទៅកូរ៉េខាងត្បូងជាមួយស្ត្រី។
អ្នកនាំពាក្យនេះក៏បានសំដៅទៅលើសេចក្តីថ្លែងការណ៍រួមគ្នាពីកិច្ចប្រជុំកំពូលអន្តរកូរ៉េកាលពីខែមុន។
មេដឹកនាំកូរ៉េទាំងពីរបានយល់ព្រមជួយគ្រួសារទាំងនោះដែលបំបែកដោយសង្គ្រាមកូរ៉េ។
អ្នកនាំពាក្យសង្គមកាកបាទក្រហមនិយាយថាជោគវាសនានៃស្ត្រីទាំង 12 នាក់នេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃការដោះស្រាយបញ្ហាមនុស្សធម៌ដែលបានលើកឡើងនៅក្នុងសេចក្តីប្រកាសនេះ។
ការទាមទានេះធ្វើឡើងត្រឹមតែពីរបីថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានលុបចោលដោយឯកតោភាគីកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីជាមួយក្រុងសេអ៊ូលដោយលើកឡើងពីសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូង។
វាក៏កើតឡើងមុនពេលកិច្ចប្រជុំកំពូលអាម៉េរិក កូរ៉េខាងជើងដែលបានគ្រោងធ្វើនៅថ្ងៃទី 12 ខែមិថុនាផងដែរ។
កូរ៉េខាងត្បូងនិយាយថាខ្លួនមានបំណងធ្វើជាអ្នកសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាង៕