ឧត្តមសេនីយ៍ទោ សោម ស៊ុន  និងលោកជំទាវក្រុមគ្រួសារ ព្រមទាំងសហការី ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ធបល្ល័ង្ក ហៅវត្តភូមិស្រែ ក្នុងឃុំសាលាវិស័យ 

10

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានដឹកនាំសហការី និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដង្ហែអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តពុទ្ឋបល្ល័ង្គ ហៅវត្តភូមិស្រែ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាស្រែបុណ្យរបស់ពុទ្ធសាសនិកជនគ្រប់រូប ទាំងក្នុងប្រទេសនិងក្រៅប្រទេស ។ បច្ចុប្បន្ននេះវិស័យពុទ្ធចក្រ និងអាណាចក្រ បានរីកចម្រើនរុងរឿងព្រមគ្នា គួរជាទីមោទនៈ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលមានវត្តអារាមជាង៥.០០០វត្ត និងមានព្រះសង្ឃគង់នៅជាង៧ម៉ឺនអង្គ ។ ដែលការអភិវឌ្ឍន៍រីកចម្រើននេះគឺស្ថិតក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា កងទ័ពជាកូនចៅរបស់ប្រជាជន ដូច្នេះដើម្បីជួយដល់ព្រះពុទ្ធសាសនា និងសម្រាលការលំបាករបស់ប្រជាជនក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងវរៈសេនាតូចលេខ ១ បានឯកភាពគ្នាដង្ហែអង្គផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យ និងទេយ្យទានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ។

លោកតាគណៈកម្មការអាចារ្យវត្ត និងព្រះតេជគុណព្រះគ្រូចៅអធិការវត្តពុទ្ធបល័ង្គហៅវត្តភូមិស្រែ សូមថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលបានមានសទ្ធាជ្រះថ្លានាំយកបច្ច័យនឹងទេយ្យទានចូលរួមក្នុងពិធីដង្ហែអង្គផ្កាប្រាក់សាមគ្គីជួយកសាងសមិទ្ធផលនានានៅក្នុងវត្តពុទ្ធបល្ល័ង្ក ហៅវត្តភូមិស្រែនៅពេលនេះ។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងវរសេនាតូចលេខ១ បានប្រគេននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនដល់ព្រះសង្ឃ និងគណៈកម្មធិការអាចារ្យវត្ត សម្រាប់កសាងសមិទ្ធផលនានានៅក្នុងទីអារាមវត្តពុទ្ធបល្ល័ង្គ នៅពេលនេះផងដែរ។