ពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់ចូលរួមពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់

18

សាកសពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ដែលត្រូវបានសម្លាប់ឈ្មោះ Qassem Soleimani ត្រូវបាននាំទៅកាន់រដ្ឋធានីរបស់ប្រទេសនេះដើម្បីធ្វើពិធីបុណ្យសពកាលពីថ្ងៃច័ន្ទ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមនុស្សរាប់លាននាក់បាន ចូលរួមលា មេបញ្ជាការយោធាដែលត្រូវបានសម្លាប់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។

មេដឹកនាំជាន់ខ្ពស់លោក Ayatollah Ali Khamenei បានស្រក់ទឹកភ្នែកជាសាធារណៈចំពោះនាយឧត្តមសេនីយ៍ ដែលនាំឱ្យមហាជនកាន់ទុក្ខនិងអធិស្ឋាន។

មហាជនបានស្រែកថា “មរណភាពចំពោះអាមេរិក” ហើយបានបង្ហាញជាសញ្ញាដោយផ្តេជ្ញាសងសឹកចំពោះការវាយប្រហារដែលបញ្ជាដោយប្រធានាធិបតីអាមេរិកលោក Donald Trump។

លោក Soleimani គឺជាមេដឹកនាំដ៏មានឥទ្ធិពលខ្លាំងទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការយោធាជាច្រើនរបស់ប្រទេសនៅខាងក្រៅអ៊ីរ៉ង់ដែលរួមមានប្រទេសស៊ីរី លីបង់ និងយេម៉ែន។ជាមួយគ្នានេះដែរ ទីប្រឹក្សាយោធារបស់លោក Khamenei និយាយថាអ៊ីរ៉ង់នឹងសងសឹកអាមេរិក។

គេមិនទាន់ច្បាស់ថាតើនឹងមានវិធានការទ្រង់ទ្រាយបែបណានោះទេ ប៉ុន្តែអតីតមន្រ្តីយោធាជាន់ខ្ពស់ម្នាក់បាននិយាយថាអ៊ីស្រាអែលអាចនឹងក្លាយជាគោលដៅ។

អ៊ីស្រាអែលកំពុងសរសើរលោកប្រធានាធិបតី Trump ដែលបានបញ្ជាឱ្យមានការសម្លាប់។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី  Benjamin Netanyahu បានបញ្ឈប់រិះគន់អ៊ីរ៉ង់។ ក្រុមអ្នកឃ្លាំមើលនិយាយថាវាអាចជាការប៉ុនប៉ងដើម្បីចៀសវាងការបង្កររឿងដល់របបក្រុងតេអេរ៉ង់ឬកងជីវពលដែលខ្លួនគាំទ្រនៅក្នុងតំបន់៕