លោកស្រី Merkel ជាប់ចំណាត់ថ្នាក់កំពូលជាស្ត្រីមានឥទ្ធិពលបំផុត ក្នុងទស្សនាវដ្តី Forbes

37

លោកស្រី Angela Merkel អធិការបតីអាឡឺម៉ង់បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីទស្សនាវដ្តី Forbes ជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងចំណោមស្ត្រី 100 នាក់ដែលមានឥទ្ធិពលក្នុងពិភពលោកសម្រាប់ឆ្នាំទី 8 ជាប់ៗគ្នា។

ទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃអង្គារបានចេញផ្សាយបញ្ជីប្រចាំឆ្នាំរបស់ស្រ្តីមានឥទ្ធិពលក្នុងវិស័យនយោបាយ ជំនួញ និងប្រភេទផ្សេងទៀត។

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May ជាប់ចំណាត់ថ្នាក់ទី 2 នៅពីក្រោយដោយនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde។

ទស្សនាវដ្តីនេះនិយាយថា «ស្ត្រីទាំងនោះកំពុងដឹកនាំក្នុងគ្រាច្របូកច្របល់ដែលមានភាពតានតឹងនៃភូមិសាស្ត្រនយោបាយកំពុងកើនឡើង ហើយសេដ្ឋកិច្ចសំខាន់ៗកំពុងប្រឈមនឹងអស្ថិរភាពដែលជំនឿទុកចិត្តលើស្ថាប័នមានកម្រិតទាបបំផុត»។

តារាចម្រៀងសញ្ជាតិអាមេរិកនាង Taylor Swift ជាប់ចំណាត់ថ្នាក់ទី 68។ នាងបានអំពាវនាវដល់អ្នកគាំទ្រឱ្យបោះឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្តាលខែវិច្ឆិកា។

កីឡាការិនីវាយកូនបាល់នាង Serena Williams មកពីសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី 79។ នាងបានបង្កររឿងដ៏ចម្រូងចម្រាសមួយនៅឯវគ្គផ្តាច់ព្រ័ត្រក្មុងកម្មវិធី US Open កាលពីខែកញ្ញាពីបទមានស្តង់ដាពីរសម្រាប់បុរសនិងស្ត្រី។ នាង Williams បានទទួលការពិន័យចំពោះការប្រើប្រាស់ពាក្យសំដីមិនសមរម្យដាក់អាជ្ញាកណ្តាល។

លោកស្រី Aung San Suu Kyi មេដឹកនាំរបស់មីយ៉ាន់ម៉ាមិនបានស្ថិតនៅក្នុងបញ្ជីនៅឆ្នាំនេះទេ។ លោកស្រីបានជាប់ចំណាត់ថ្នាក់ទី 33 កាលពីឆ្នាំមុន។

ទស្សនាវដ្តី Forbes បាននិយាយថាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះបានបាត់បង់ការគោរពនិងការគាំទ្រពីមេដឹកនាំពិភពលោកជុំវិញជំហរដែលមិនអាចវាស់ស្ទង់បានរបស់លោកស្រីចំពោះវិបត្តិជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា៕