ក្រុមអ្នកតវ៉ាហុងកុងបិទផ្លូវរំខានដល់សេវាដឹកជញ្ជូន

9

ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងបានបិទផ្លូវថ្នល់និងផ្លូវដែកទៅនិងមកអាកាសយានដ្ឋានអន្តរជាតិកាលពីថ្ងៃអាទិត្យដោយរំខានដល់សេវាដឹកជញ្ជូនទូទាំងដែនដី។

បាតុករវ័យក្មេងមួយចំនួនបានកាន់កាប់ចំណតឡានក្រុងនៅព្រលានយន្តហោះជាបណ្តោះអាសន្នដើម្បីឆ្លើយតបនឹងការអំពាវនាវដើម្បីបិទចរាចរណ៍នៅទីនោះ។

សេវាកម្មរថយន្ដក្រុងនិងរថភ្លើងត្រូវបានផ្អាកបន្ទាប់ពីក្រុមអ្នកតវ៉ាខ្លះបានដាក់របាំងនៅលើផ្លូវសំខាន់ៗដែលតភ្ជាប់អាកាសយានដ្ឋាននិងទីក្រុងហើយបានបោះវត្ថុនានាលើផ្លូវរថភ្លើងនៅអាកាសយានដ្ឋាន។

អ្នកដំណើរដែលជាប់គាំងហាក់ដូចជានឿយហត់នៅពេលដែលពួកគេចូលឡានក្រុងបន្ទាប់ពីរនាំងត្រូវបានដកចេញ។

នៅស្ថានីយ៍រថភ្លើងក្រោមដីចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីអាកាសយានដ្ឋាន បាតុករខ្លះបានវាយបំផ្លាញមជ្ឈមណ្ឌលសេវាកម្មអតិថិជននិងម៉ាស៊ីនលក់សំបុត្រខូចធ្វើឱ្យរំខានដល់ប្រតិបត្តិការរថភ្លើង។

និស្សិតកំពុងអំពាវនាវឱ្យធ្វើពហិការការចូលរៀននៅថ្ងៃច័ន្ទដែលជាថ្ងៃដំបូងនៃវគ្គសិក្សាថ្មី៕