កម្មវិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ

26

 

(កំពង់ធំ)÷ នាព្រឹកថ្ងៃព្រហស្បតិ៍១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកម្មវិធីខួបលើកទី១១៣ នៃទិវានារីអន្តរជាតិ ៨មីនា ក្រោមអធិបតីភាព ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង និង ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម ក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំមួយចំនួនផងដែរ។

ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង បានជួបសំណេះសំណាលក្នុងកិច្ចប្រជុំអំពីតួនាទីស្ត្រីក្នុងការងារសង្គម ដែលជាកម្លាំងស្នូលក្នុងការរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែលឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គម ស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។

បន្ទាប់ពីនេះមានការឡើងបេ្តជ្ញាចិត្តតំណាងឱ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋានទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងសូមថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទគ្រប់ពេលវេលា។

ជាចុងក្រោយឯកឧត្តមប្រធាន ឯកឧត្តមព្រះរាជអាជ្ញា បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកា ជូនដល់មន្រ្តីរាជការជាស្រ្តី និងថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍។