បិទនិងបើកវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋាននៅខេត្តពោធិ៍សាត់

10

 

ខេត្តពោធ៏សាត់;)មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំពិធីចែកវិញ្ញាបនបត្រជូន សិក្ខាកាមដែលបានបញ្ចប់ការសិក្សាឆ្នាំ២០២៣និងបើកវគ្គសិក្សាថ្មីឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរនារសៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរ អភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននេះ បានបង្កើតឡើងក្នុងឆ្នាំ២០១១ដោយអង្គការអាគ្រីស៊ូតនិងបានប្រគល់ជូនឱ្យមន្ទីរអភិវឌ្ឍន៍គ្រប់គ្រងនៅឆ្នាំ២០១៣ បន្ទាប់ពីបញ្ចប់ គម្រោង។តែទោះជាយ៉ាងនេះមជ្ឈមណ្ឌលបានផ្អាកសកម្មភាពដោយសារជំងឺកូវីដ១៩។

ក្រោយពីជំងឺកូវីដបានស្ងប់ស្ងាត់ក៏បានចាប់ផ្តើមដំណើរការឡើងវិញជាបន្តបន្ទាប់ដោយមានវគ្គបណ្តុះបណ្តាលរយៈពេលវែងបាន៣០លើកមានសិក្ខាកាម៦៦៥នាក់លើមុខជំនាញកុំព្យួទ័រ ភាសាអង់គ្លេស អ៊ុតសក់ កែសម្ភស្សនិងជួសជុលម៉ូតូ និងវគ្គរយៈពេលខ្លីបាន៨៦លើក សិក្ខាកាម២០៩០នាក់ លើមុខជំនាញដំណាំស្រូវ ចិញ្ចឹមសត្វ បណ្តុះកូនឈើ ធ្វើជីកំប៉ុស្តិ៍ សួនដំណាំជួសជុលថែទាំអណ្តូងស្នប់និងថែទាំម៉ាស៊ីនខ្នាតតូច។នៅក្នុងឆ្នាំ២០២៣នេះ ដំណើរការបណ្តុះបណ្តាលរយៈពេលវែងបាន២លើក មានសិក្ខាកាម៦១នាក់និងរយៈពេលខ្លីបាន៩លើក មានសិក្ខាកាម២២៥នាក់និងផែនការអនុវត្តបន្តគ្រោងដំណើរការបើកវគ្គកុំព្យួទ័រ២លើក ចិញ្ចឹមសត្វ៣លើក សួនដំណាំ២លើកនិងជួសជុលនិងថែទាំម៉ាស៊ីនកសិកម្ម៤លើក។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីបិទនិងបើកវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋាននាឱកាសនោះឯកឧត្តមបណ្ឌិត  នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងនូវសេចក្តីរីករាយដល់សិក្ខាកាមជ័យលាភីឆ្នាំ២០២៣ចំនួន៥១នាក់ដែលបានបញ្ចប់ការសិក្សានិងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សានាពេលនេះនិងស្វាគមន៍សិក្ខាកាមថ្មីក្នុងឆ្នាំសិក្សា២០២៤ដែលបាននឹងកំពុងសិក្សារៀនសូត្រនៅក្នុងមជ្ឈមណ្ឌល។

ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងសូមបញ្ជាក់ជូនថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធិ ភាព និងចីរភាព» ដោយផ្តោតលើវិស័យអាទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីធីថល ។

នេះបញ្ជាក់ឱ្យឃើញថា ត្រូវតែយកចិត្តទុកដាក់ទាំងលើសុខុមាលភាព ជីវភាព ចំណេះដឹង ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទក៏មានតួនាទីយ៉ាងសំខាន់និងបានដាក់ចេញនូវគោលនយោបាយថ្មី សម្រាប់អាណត្តិទី៧គឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថលនិងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌។តាមរយៈនេះឯកឧត្តមបណ្ឌិតសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គត្រូវយកចំណេះដឹងទៅអនុវត្តជាប់ជាប្រចាំនិងសិក្សាស្វែងយល់បន្ថែម បើមានករណីប្រឈមនោះត្រូវមកទំនាក់ទំនង ជាមួយគ្រូនិងថ្នាក់ដឹកនាំ។ចំពោះសិក្ខាកាមបាននឹងកំពុងសិក្សាត្រូវខិតខំសិក្សារៀនសូត្រ គោរពវិន័យ បទបញ្ជាឱ្យបានត្រឹមត្រូវ។

លោកនាយក នាយករងបុគ្គលិកសិក្សាត្រូវខិតខំពង្រឹងគុណភាពនិងប្រសិទ្ធិភាពនៃការបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការងារក្នុងសង្គម ព្រមទាំងបានចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់វគ្គចំនួន៥១នាក់និងបានអញ្ជើញទៅពិនិត្យអគារបណ្តុះបណ្តាលជំនាញកុំព្យួទ័រនាពេលនោះផងដែរ ៕