គ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ នៅស្រុកកំពង់ស្វាយ គោរព​ថ្លែង​អំណរគុណ​សម្តេច​ ហ៊ុន​ ម៉ាណែត​ ដែល​បានជួយ​ឧបត្ថម្ភ​​ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារសម្រាប់រៀបចំ​ពិធី​បុណ្យ​សព​ 

18

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តឈ្មោះ យ៉ោក យៀង  ឋានន្តរសក្ដិ​ព្រិន្ទបាលឯក អាយុ៥៩ឆ្នាំ​ អតីត​នៅអង្គភា​ពវរសេនាតូចលេខ១ តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ។ លោកបាន​ទទួល​មរណភាព​ដោយរោគាពាធនៅ​ពេល​កន្លង​ទៅ​ថ្មីៗនេះ​ នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក យ៉ោក យៀង ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក យ៉ោក យៀង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ  ហើយ​នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត   នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល ហើយ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ បាន​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត​ សម្រាប់សម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលា ។

ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ព្រមទាំង​ក្រុម​ការងារ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ដែល​បាន​គិតគូរ​ដោះ​ស្រាយ​ការ​លំបាក​ជូន​គាត់​ និង​សូម​គោរព​ជូន​ពរ​សម្តេច​ និង​លោកជំទាវ​ ឯក​ឧត្តម​ លោក​ ​លោក ស្រី​ទាំង​អស់​សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។